ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន រេចង្កូរមកបុករះខឿន សួនច្បារ បណ្ដាលឲ្យរងការខូចខាតរថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិត តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមានគ្នា៣នាក់ បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-6970 បើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុបានរេចង្កូតបុករះខឿនសួនច្បារបណ្ដាលរងការខូចខាតចំណែករថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះដែរដោយសាររថយន្តមិនអាចទៅមុខបានបុរសអ្នកបើកបរ និងអ្នករួមដំណើរបានបើកទ្វាររថយន្តគេចខ្លួនបាត់អស់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរមកស្ទូចយករថយន្តបង្ករទៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រោយនៅពេលក្រោយ៕ជ្រោយពេជ្រ