ភ្នំពេញ៖ ទីតាំងលួចបើកហ្គេមខុសច្បាប់មួយកន្លែងដែលសម្ងំរកស៊ីនៅក្នុងផ្ទះល្វែង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្ក្រាប ដកហូតបានទូហ្គេមប្រភេទបាញ់ត្រីចំនួន៣ទូ តែមិនមានឃាត់ខ្លួនមនុស្សឡើយហាក់ដូចជាដឹងមុនអញ្ចឹង ពេលចុះទៅដល់ទីតាំងឃើញតែទូហ្គែមនិងសម្ភារៈមួយចំនួនប៉ុណ្ណោះ ។
ករណីកម្លាំងចម្រុះឆ្មក់ចុះ បង្ក្រាបកន្លែងបើកហ្គេមនេះបានធ្វើឡើងនៅវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចបឹងព្រលិត ផ្ទះលេខ១៨ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌ លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌ លោកព្រំ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ។
លោកហោ វាសនា បានអោយដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ និងមានការណែនាំពីលោកអភិបាលខណ្ឌ គណៈបញ្ជាការឯកភាព ខណ្ឌបានចុះបង្ក្រាបទីតាំងបើកលេងហ្គេមខុសច្បាប់ដកហូតបានទូហ្គែមចំនួន៣ ទូរ ( ធំ១ទូ និង តូច២ទូ ) ដោយឡែកម្ចាស់ទូហ្គែម និងអ្នកចូលលេងមិនត្រូវបានឃាត់ខ្លួនឡើយ ចំពោះម្ចាស់ផ្ទះតម្រូវអោយធ្វើកិច្ចសន្យា ។ ជាមួយគ្នានេះដែរក្នុងនាម អាជ្ញាធរខណ្ឌច្បារអំពៅសូមអោយប្រជាពលរដ្ឋចូលរួមផ្តល់ពត៍មានចំពោះទីតាំងណាដែលលួចបើកហ្គេមគ្រប់ប្រភេទដើម្បីបង្ក្រាប រួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
ដោយឡែក លោក ម៉ៅ សឿត អធិការរងទទួលការងារ ព្រហ្មទណ្ឌបានអោយដឹងដែរថា ករណីកន្លែងបើកហ្គេមនេះ មិនមានឃាត់មនុស្សទេ ដក ហូតតែទូហ្គែម៣ទូប៉ុណ្ណោះ ៕
...
ដោយ៖ សណ្តោស