ភ្នំពេញ៖មន្ត្រីតុលាការកំពូល ថ្លែងថា តុលាការកំពូល នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ នឹងបើកសវនាការរឿងក្តីជនត្រូវចោទកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។
សវនាការនេះគឺបណ្តឹងប្រឆាំងនឹងដីកាពន្យារពេលនៃការឃុំខ្លួនជនត្រូវចោទ កឹម សុខា ដោយមានលោកឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
តុលាការពុំបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទកឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ មកចូលរួមសវនាការទេ ដោយសារសវនាការនេះ ជារឿងមុនអង្គសេចក្តី ពុំមានវត្តមានជនត្រូវចោទ ក៏ដំណើរការបានដែរ គ្មានខុសនីតិវិធីឡើយ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕
ដោយ៖ ចេស្តា