ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈខឹងម្ដាយបង្កើតលាក់លួចមានស្នេហាជាមួយបុរសចំណាស់ម្នាក់ ទើបទិញសាំងមកចាក់ដុតទាំង២នាក់បណ្ដាលអោយរលាករលួយរងរបួសធ្ងន់បង្ក ការភ្ញាក់ផ្អើកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយកាសែតនគរវត្តដឹងថា បុរសបង្កត្រូវជាកូនមានឈ្មោះ តូច សាវឿន ហៅទិត្យ អអាយុ២៥ឆ្នាំ មុខរបតកសិករ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។ ចំណែកស្ត្រីជាម្ដាយដែល រងរបួសមានឈ្មោះពេជ្រ សាន់ អាយុ៥៣ឆ្នាំ មុខរបរកសិករ និងប្រុសកំណាន់ ដែលរងរបួសធ្ងន់់មានឈ្មោះ ពេជ្រ ឆុន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធកូននិងមិនទាន់លេងលះនៅឡើយ។
បើតាមបុរសបង្កត្រូវជាកូនបានសារភាពប្រាប់សមត្ថកិច្ចថា គេបានធ្វើការហាមឃាត់ម្តាយជាច្រើនលើកច្រើនសារមកហើយកុំអោយទាក់ទងប្ដីគេទៀត ប៉ុន្តែនៅមិនព្រមស្តាប់ ហើយព្រមទាំងនិយាយស្ដីបន្ទោសដល់រូបគេជាកូនថាឯងកុំចេះដឹងរឿងចាស់ៗពេកនៅអោយស្ងៀមទៅ។ លុះនៅយប់កើតហេតុគេក៏បានទិញសាំងកន្លះលីត្រ ទៅផ្ទះបន្ទាប់ពី ឃើញម្ដាយនាំប្រុសកំណាន់ឡើងមកដេកដល់លើផ្ទះ ទើបគេយកសាំងមកចាក់ពីលើរួចដុតតែម្ដងទៅ។
ក្រោយកើតហេតុអ្នកភូមិបានជួយស្រែកគ្នីគ្នាជួយពន្លត់ភ្លើង និងជួយសង្គ្រោះដឹកទាំង២នាក់មកកាន់មន្ទីពេទ្យខេត្តស្វាយរៀងប៉ុន្តែដោយបុរសជាប្រុសកំណាន់រងរបួសធ្ងន់ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។
ជនបង្កត្រូវជាកូនត្រូវបានសមត្ថកិច្ចនគរបាលបានឃាត់ខ្លួន និងបញ្ជូនកសាងសំណុំរឿងមកអធិការនគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ យឹម សុថាន