ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ គេហទំព័រមានការបែកធ្លាយពីសមត្ថកិច្ចមកថា យោធាក្រុងសំរោងខេត្តឧត្តរមានជ័យ បានប្រើប្រាស់កងកម្លាំងបីនាក់និងដាក់ប៉ារ៉ាស ការពារ តំបន់ឈើគ្រញូងឆ្លងដែន និងការពារ ទីតាំងច្រៀកឈើគ្រញូងឲ្យថាវកែឈ្មោះសាក់ ។ ទីតាំងនេះស្ថិតនៅចំណុចភូមិសាស្រ្ដ អូទឹកចោល និងភូមិអូបាត់ដាវ សង្កាត់ ទន្សាយរ៉ាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។
ការបែកធ្លាយដោយ ចោទទៅលើយោធាសឹករងក្រុងសំរោងថាបានដាក់កងកម្លាំងនិងប៉ារ៉ាសការពារបទល្មើសចរាចរណ៍ឈើគ្រញូងឆ្លងដែនមកពីប្រទេសថៃ និងកាងទីតាំងច្រៀកស្ដុកឈើឲ្យមេឈ្មួញឈ្មោះសាក់នោះ
គឺនៅពេលដែលសមត្ថកិច្ចចម្រុះ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកគង់ រតនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះបង្ក្រាបទីតាំងច្រៀកនិងស្តុកឈើគ្រញូង នៅនិងច្រករបៀងខាងលើដែលយោធាឈរជើងខាងលើបានដាក់ប៉ារ៉ាស់ការពារ កាលថ្ងៃទី៧ខែឧសភាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
លោកឡឹកសុជាតានាយរងខណ្ឌ័រដ្ឋបាលព្រៃឈើ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា កងកម្លាំងខាងលើជាកងកម្លាំងយោធាសឹករងក្រុងសំរោងបានដាក់ប៉ារ៉ាសបិទផ្លូវ នៅគ្រាដែលសមត្ថកិច្ច ចូលទៅបង្ក្រាបនៅទីតាំងស្តុកនិងច្រៀកឈើគ្រញូងឆ្លងដែនមកពីប្រទេសថៃខាងលើ។
លោកបានបន្ដរថានៅពេលដែលក្រុមសមត្ថកិច្ចធ្វើការបង្ក្រាបរឹបរូសរួចដឹកជញ្ជូនវត្ថុតាងបទល្មើសចេញមកដល់កន្លែងយោធាមួយនេះ ស្រាប់តែក្រុមយោធាដាក់ប៉ារ៉ាស់បិទផ្លូវជិតតែម្ដង ។ ពេលនោះពួកគាត់បានចុះទៅបើកតែដោយសារតែមានសមត្ថកិច្ចច្រើននាក់និងដឹកនាំលោកព្រះរាជ្ញារងផងនោះ ខាងកម្លាំងយោធាក៏មិនបានធ្វើសកម្មភាពអ្វីដែរ។លោកឡឹកសុជាតាបានបញ្ជាក់បន្ថែមថា ផ្លូវ ច្រករបៀងអូរទឹកចោលនិងអូបាត់ដាវទាំងពីរខាងលើ
មានកងកម្លាំងយោធាដាក់ប៉ារ៉ាស់នោះ ធាតុពិតមិនមានបន្ទាយអីទេ គឺដាក់ការពារតំបន់សេដ្ឋកិច្ចពិសេស និងក្ដៅគគុកនៃចរាចរណ៍ឈើគ្រញូងឆ្លងដែនមកពីប្រទេសថៃ ដែលល្បីឈ្មោះ សាក់ ជាមេឈ្មួញធំជាងគេខាង ប្រប្រមូលទិញឈើផ្ដាច់មុខចាប់ពីបង្គោលសីមាលេខ១២រហូតដល់ប្រាសាទតាក្របី ដោយមានការត្រូវរ៉ូវជាមួយមេបញ្ជាការយោធាមួយក្ដាប់តូចដែលកំពុងឈរជើងនៅតំបន់ខាងលើនោះ។
យ៉ាងណាសមត្ថកិច្ចបានប្រមូលវត្ថុតាងឈើគ្រញូងទាំងនេះបានចំនួន១៦៣ដុំស្មើនឹង៤៦០គីឡូក្រាម ត្រូវបានយកមករក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ។
ទាក់ទិនរឿងនេះ លោកឧត្ដមសេនីយ៍ទោតុន ញៀនមេបញ្ជាការសឹករងក្រុងសំរោងមិនអាចសុំការបំភ្លឺជុំវិញករណីខាងលើបានទេព្រោះទូសព្ទ័ចូលគ្មានអ្នកទទួល ៕ ប៉ែន នួន