ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងខណៈដែលកំពុងបើកបរហើយក៍ទៅបុករថយន្តដឹកឥដ្ឋពីក្រោយពេញទំហឹងបណ្តាលអោយខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំសង្ស័យអ្នកបើកបរងងុយដេក ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង១២នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខក្លោងទ្វារចូលវត្តសំរោងអណ្តែត ផ្លូវភ្នំពេញហាណូយ១០១៩ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហម គឹមហុង ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរបើកបរ ស្នាក់នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រងរបួសបាក់ជើង។ ចំណែកអ្នកបើកបររថយន្តដឹកឥដ្ឋមានឈ្មោះ សៀក ប៊ុនលី ភេទប្រុស អាយុ៣២ឆ្នាំមុខរបរបើកបរ ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកឥដ្ឋ១គ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3B-6517 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទកុងតឺន័រ ពណ៍ខៀវលាយស ពាក់ស្លាកលេខកំពង់ធំ3A-1587 ក្នុងទិសដៅពីជើងទៅត្បូងស្របគ្នាក៍ជ្រុលទៅបុកនឹងរថយន្តដឹកឥដ្ឋពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបររងរបួសបាក់ជើងហើយត្រូវបានគេជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ ដោយឡែកភាគីខាងរថយន្តដឹកឥដ្ឋមិនមានអ្នករងរបួសទេ ។
ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែងប៉ុន្តែដោយមានដំណាងខាងរថយន្តបង្ក (បុកគេពីក្រោយ)ចេញមុខមកដោះស្រាយដោយព្រមយករថយន្តទៅជុសជុលនិងព្យាបាលអ្នករបួសបាក់ជើងដោយខ្លួនឯងដោយពុំមានការប្តឹងផ្តល់អ្វីទេ ៕
ដោយ៖ តុង សីហា