ភ្នំពេញ៖ ក្នុងគណនី Facebook Page សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរ និងបរិយាយដែលមានខ្លឹមសារទាំងស្រុងថា “ថ្ងៃនេះក៏ដូចដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង នឹងក៏ដើម្បីសម្រួលដល់បរិយាកាសនយោបាយនៅកម្ពុជាយើងផងដែរ។ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ ។
ជោគជ័យគួរឱយកោតសសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ាដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្សប្រឆាំងនៅកម្ពុជាដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមកលើខ្ញុំសារជាថ្មីដែលបានបំផ្លាញសារជាថ្មីនូវវប្បធម៏សន្ទនារដែលបាននឹងកំពុងជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។ មុនៗ ឱយតែមានបដិវត្តន៍ពណ៏ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថាជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៍សុទ្ឋតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវឮមេបក្សរូបនេះនិយាយពីបដិវត្តន៍ពណ៍តទៅទៀតទេ ។
បក្សប្រឆាំងនៅភូមាឈ្នះឆ្នោតគេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាលនិងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ ២០១៥ ហើយ មួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាកនិងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមារមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។ ឯពូជពង្សវង់ត្រកូលឯកឧត្តមប្រៀបធៀបជាមួយជាមួយ អ៊ុង សានសូជី មិនបានទេព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនិតិសម្បទារណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ឋិនាមឱយ ។
ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថាកូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេតែខ្ញុំហៅតាមអ្នកជំនាន់មុនដែលធ្លាប់ហៅឪពុកឯកឧត្តមថាអាក្បត់ជាតិ។ ពាក្យនេះសំរាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទារសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។ ខ្ញុំសុំប្រាប់ទៅឯកឧត្តមថាពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុៈមិនឆ្ងាយពីគល់ ។
សុំទោសបងប្អូនជនរួមជាតិ សុំវិនិឆ្ឆ័យចុះ តើអ្នកណាបង្កហេតុនឹង បើមានអ្វីកើតឡើងសុំកុំបន្ទោសខ្ញុំ។ ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនៅអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភពណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឱយយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀត សុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុស្សពាក្យពេចន៍និងអក្ខរាវិរុទ្ឋខ្លះ “ ៕