ភ្នំពេញ៖ កម្លាំងនគរបាលស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល សហការជាមួយនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញចាប់ខ្លួនមន្ត្រីយោធាម្នាក់ ដោយអនុវត្តតាមដីការបស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធនិងករណីក្លែងលិខិតនិង ប្រើប្រាស់លិខិតក្លែង ។
ករណីឃាត់ខ្លួនមន្ត្រីយោធាខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នៅក្នុងភោជនីយដ្ឋានភូមិកោះកុង ខាងលិចសណ្ឋានគារហូលីដេ សង្កាត់ស្រះចកខណ្ឌដូនពេញ ។
តាមប្រភពពីលោកអ៊ុន យ៉ុង អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា មន្ដ្រីយោធារូបនេះ ត្រូវបានកម្លាំង របស់លោកចាប់ខ្លួនតាមដីការបស់តុលា ការ ក្រោយពីជនរងគ្រោះ ប្ដឹងទៅកាន់តុលា ការ ហើយលោកមិនបានដឹងពីរឿងលំអិត នោះឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ នៅអធិការដ្ឋានសិន ហេីយទេីបបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះផងដែរ ។
បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោកអ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្ដកណ្ដាល ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ណុប វុទ្ធី អាយុ៤៥ឆ្នាំ មុខរបរយោធារស់នៅ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ក្រោមបទចោទ ប្រកាន់ក្លែងលិខិតនិងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្ដនៅភូមិព្រែកហ្លួង កាលពីអំឡុងឆ្នាំ ២០១១ និង២០១២ មកម្លេះបើទោះបីតុលាការបានចេញដីការឲ្យជនសង្ស័យរូបនោះចូលខ្លួនបំភ្លឺតែជននេះមិនព្រមចូលបំភ្លឺនោះទេ បែរជាព្យាយាមគេចវេសរហូតទល់តែសមត្ថកិច្ចស្វែងរកចាប់ខ្លួនបានតែម្តង ដេីម្បីដាក់ទោសតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យជាមន្ត្រីយោធារូបនេះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា