ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងជោគជាំ បានបើករថយន្តរេចង្កូតពេញផ្លូវក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករះម៉ូតូអស់៤គ្រឿង រួចបន្តបុកក្មេងស្រីអាយុ២ឆ្នាំ កំពុងដើរលក់សណ្ដែងដីបណ្ដាលឲ្យរងបួសធ្ងន់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង៩យប់ ថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅខាងមុខភោជនីដ្ឋានរាជនី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់-ខណ្ឌជ្រោយចង្វា ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីស៊េរីឆ្នាំ១៩៩០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2B-3788 ទំនងជាស្រវឹងស្រា បានបើករេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករះជាមួយម៉ូតូ៤គ្រឿងដែលចតនៅមុខភោជនីដ្ឋានរាជនី រួចរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកតុ កៅអី និងក្មេងស្រីអាយុ២ឆ្នាំ ដែលដើរលក់សណ្ដែកដីនៅក្បែរនោះរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមឃាត់បានទាំងរថយន្ត និងម្ចាស់មកវិញ។ ក្រោយពេលកើតហេតុក្មេងស្រីជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ចំណែករថយន្តបង្ក និងម្ចាស់ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ័នគរបាលជ្រោយចង្វាដើម្បីសួរនាំ ៕
ដោយ៖ ជ្រោយពេជ្រ