ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ ជំនួបពិភាក្សា ជាមួយកូរ៉េខាងជើង គីមជុងអ៊ុនអាចនឹងត្រូវធ្វើឡើង ដូចការគ្រោងទុកនៅថ្ងៃទី១២ខែមិថុនា នៅប្រទេសសឹង្ហបុរី។
នៅថ្ងៃទី ២៥ខែឧសភា ពេលធ្វើដំណើទៅកាន់មជ្ឈមណ្ឌុលហ្វឹកហ្វើន កម្លាំងទាហានជើងទឹក នៅរដ្ឋMaryland ប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជំនួបពិភាក្សារវាង លោកនិងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ខែមិថុនាដដែល ។ ការប្រកាសរបស់លោកត្រាំ ក្រោយមួយថ្ងៃដែលលោកប្រកាស លុបកិច្ចកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង។ ធ្វើឲ្យពិភពលោកខកចិត្តយ៉ាងខ្លាំង។
ការប្រកាសរបស់លោកត្រាំ កាលពីថ្ងៃទី២៥ខែឧសភា គឺផ្ទុយទាំងស្រុង និងការប្រកាសកាលពីមួយថ្ងៃមុន ពាក់ព័ន្ធនិងជំនួបជាមួយគីមជុងអ៊ុន ។ ប្រធានាធិបតីអាមេរិក ដូណាលត្រាំបានបញ្ជាក់ថា បណ្តាញទំនាក់ទំនង រវាងប្រទេសទាំងពីរនៅតែដំណើរការ។
និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីដូណាលត្រាំ បានវាយតម្លៃខ្ពស់ ចំពោះ ប្រតិកម្មរបស់កូរ៉េខាងជើង ក្រោយពេលលោកបានផ្ញើលិខិត ទៅកាន់មេដឹកនាំគីមជុងអ៊ុន ប្រកាសពីការសម្រេចលុបចោលជំនួបខាងលើ ។ លោកត្រាំបានចាត់ទុក ប្រតិកម្ម របស់គីមជុងអ៊ុន មានភាពកក់ក្តៅនិងមានលក្ខណះស្ថាបនា ទាំងនោះហើយបានជាលោក សម្រេច តផ្ជាប់ជំនួបកំពូលឡើងវិញដូចការគ្រោងទុក ដើម្បីសន្តិភាព ដែលជាការទន្ទឹងរងចាំជាយូណាស់មកហើយ។
ប៉ុន្តែមកទល់ពេលនេះ ក្រុមអ្នកឯកទេសមិនទាន់អាចសន្និដ្ឋានបានប្រាកដនៅឡើយ ថានិងមានជំនួប រវាងលោកត្រាំនិងគីមជុងអ៊ុន ។នៅចុងសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់ សេតវិមាននឹងទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីរៀបចំ សម្រាប់ជំនួប មេដឹកនាំទាំងពីរ។
ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិក ពិតជាមានគោលជំហរដូចគ្នា ត្រង់ចំណុចមួយ គឺ «ក្រឡាស សម្តី , បាតដៃខ្នងដៃ» ពេលនេះនិយាយផ្សេង ពេលស្អែកនិយាយផ្សេង ធ្វើឲ្យអ្នកតាមដានព័ត៌មាន ត្រូវវង្វេងដោយសារតែមេដឹកនាំទាំងពីរនេះជាមិនខាន៕
ដោយ៖ មែវ សាធី