ភ្នំពេញ៖ ក្រោយជោគជ័យខ្លាំងក្នុងអាជីពចម្រៀង នាង ចឺម បានផ្អាកការងារជាអ្នកកំប្លែង។ ការលេចមុខជាមួយការគាំទ្រខ្លាំងក៏ស្របពេលដែលលេចចេញដំណឹងថាតារារូបនេះបោះពាក្យសម្តីឌឺដងផ្លែផ្កាដាក់តារាចម្រៀងរាមច្បងរហូតមានការថ្នាំងថ្នាក់នឹងគ្នា ប៉ុន្តែត្រូវបានតារារូបនេះចេញមុខបដិសេធ។
ក្រោយការចាកចេញពីផលិតកម្មសាន់ដេ ពីសំណាក់តារាចម្រៀង ខេមរៈ សិរីមន្ត ស្រាប់តែលេចចេញដំណឹងដ៏រសើបមួយថា នាយ ចឺម ចាប់ផ្តើមបោះពាក្យសម្តីថានឹងអាចជំនួសតំណែងខេមរៈ សិរីមន្តនៅពេលដ៏ខ្លីខាងមុខ។ តបទៅនឹងដំណឹងនេះនាយចឺម អះអាងថា លោកគឺជាសិល្បករជំនាន់ក្រោយដែលលោកតែងតែគោរពរាល់សិល្បកររាមច្បងដែលមិន មានចេតនាក្នុងការប្រកួតប្រជែងយកដំណែងជួរមុខណាមួយពីសិល្បកររាមច្បងនោះទេ។ លោកថាដំណឹងដែលលើកឡើងថា២ទៅ៣ឆ្នាំទៀតលោកនឹងអាវ៉ាដាច់តារាចម្រៀងរាមច្បងគឺជារឿងមិនពិតហើយក៏មិនមែនជាពាក្យសម្តីដែលចេញពីមាត់លោក ឬកើតចេញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកឡើយ។ លោកថាការគោរពស្រលាញ់រាប់អានអ្នកសិល្បៈដូចគ្នាគឺជាអ្វីដែលលោកប្រកាន់ខ្ជាប់ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈ។ លោកលើកឡើងដែរថា ពាក្យទាំងឡាយដែលលេចឡើងអាចជាចេតនា ធ្វើឲ្យមានការយល់ច្រឡំរវាងលោក និងតារាចម្រៀងរាមច្បង ហើយលោកក៏ស្នើឲ្យបញ្ចប់ការនិយាយបែបនេះដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍លោក និងធ្វើឲ្យល្អក់កកររវាងអ្នកសិល្បៈនិងអ្នកសិល្បៈ។
ទោះជាយ៉ាងណានេះមិនមែនលើកទីមួយទេដែលេចេញ ពាក្យសម្តីផ្លែផ្កាបែបនេះ ប៉ុន្តែនាងចឺមលើកឡើងថាមិនចង់ផ្ញើជាសារតបតព្រោះតែមិនចង់មានបញ្ហាវែងឆ្ងាយ ប៉ុន្តែលោកពិតជាពិបាកទ្រាំប្រសិនបើមិនបាននិយាយវាចេញមក ហើយក៏ដើម្បីបញ្ចប់ការយល់ច្រឡំនោះដែរ៕
អត្ថបទ៖ វីរបុត្រ