សម្ដេច សាយ ឈុំ ជួបសំណេះសំណាល ជាមួយសមាជិក CPP ជាង៥ពាន់នាក់ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញៈ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ដើម្បីសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយប្រធានសាខាបក្ស អនុប្រធានសាខាបក្ស និងប្រធានក្រុមបក្ស នៃគណបក្សប្រជាជនកម្ពុជា ចំនួន៥២២៤នាក់ ស្ថិតនៅលើសួរច្បារទីលានប្រជាធិបតេយ្យថ្មី ខាងមុខឃ្លាំងសាំងសូគីមិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នាឱកាសដ៏មានអត្ថន័យ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងក្រើនរំឭកចំពោះ ប្រធានសាខាបក្ស អនុប្រធានសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមផែនការចាត់តាំង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងការសំដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ជាមគ្គទេសដ៏ឆ្នើមនៃប្រជាជាតិ និងប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់តំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ពោលគឺបានធ្វើពលិកម្មគ្រប់បែបយ៉ាងជួយសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ សម្រេចបានជោគជ័យ គោលនយោបាយ ឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ និងបានធ្វើឲ្យទឹកដីទាំងមូលឯកភាពប្រកបដោយសន្តិភាព ស្ថិរភាព ដែលជាគន្លិះនៃការអភិវឌ្ឍន៍ ។

ជាមួយគ្នានោះ ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានរាយការណ៍អំពីរចនាសម្ព័ន្ធចាត់តាំងបក្ស និងលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស មានដូចខាងក្រោម៖ ទី១-គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ មានគណៈកម្មាធិការគណបក្សខណ្ឌ និង៧គណកម្មាធិការគណបក្សមូលដ្ឋានសង្កាត់, មានសាខាបក្ស ចំនួន៥២សាខាបក្ស, មានអនុប្រធានសាខាបក្ស ចំនួន២៧៩អនុសាខា និងមានក្រុមបក្ស ចំនួន៤,៣៤២ក្រុមបក្ស ។ មានសមាជិកសរុប ចំនួន ៤៨,៥៨០នាក់, ស្រី២៦,១៤៣នាក់ ស្មើនិង៦២,៨២% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ចំនួន (៧៧,៣៣១នាក់) ស្មើនិងខ្នងផ្ទះចំនួន ១២,៦៧៤ខ្នងផ្ទះ និងមានគ្រួសារបក្ស ចំនួន ១៣,៧៩៤គ្រួសារបក្ស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print