ភាពខុសប្រក្រតីសុំបញ្ជូលបុគ្គលពីររូបក្នុងក្រមខណ្ឌជាមន្ត្រីសាលាខេត្តស្វាយរៀងដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងប្រជែង និងឆ្លងវគ្គបណ្តុះបណ្តាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពេញបណ្ដាញអ្នកប្រើសង្គមហ្វេសបុកគ្រប់ៗគ្នា ខណៈដែលមានអាខោនហ្វេសបុកឈ្មោះថា អភិវឌ្ឍន៍ស្វាយរៀងបានរិះគន់ដល់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀធ្វើលិខិតដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបញ្ចូលបុគ្គលពីររូបក្នុងក្រមខណ្ឌជាមន្ត្រីសាលាខេត្តស្វាយរៀង ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងប្រជែង និងឆ្លងវគ្គបណ្តុះបណ្តាលឡើយ ដែលបញ្ហានេះជារឿងខុសច្បាប់ទាំងស្រុង ។

យោងតាមលិខិតលេខ១១៤/១៨ល ស ចុះថ្លៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងមក​នេះ ដែល​បាន​ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រ​សួង​មហាផ្ទៃ ដែលចុះហត្ថលេខា​ដោយលោក ប្រាក់ សុវណ្ណ អភិបាលរង ខេត្តស្វាយរៀង បានស្នើសុំបញ្ចូលនិស្សិតក្រីក្រដែលមាន​ជី​វភាពក្រីក្រ២នាក់ ដើម្បីបញ្ចូលឲ្យបម្រើការ​ងារ ជាមន្ត្រីក្រមខណ្ឌសាលាខេត្តស្វាយរៀង នៃក្រសួង​មហាផ្ទៃ។

លិខិតរបស់លោកអភិបាលរងខេត្តបង្កឲ្យមានប្រតិកម្ម និងរងការរិះគន់យ៉ាង​ខ្លាំងនោះពីសំណាក់មន្ត្រីរាជការ ដែល​អាងខ្លួនជាអភិបាលរងខេត្តហ៊ានធ្វើលិខិតទៅក្រ​សួងមហាផ្ទៃដើម្បីបញ្ចូលបុគ្គលចំនួនពីរនាក់ដែលមានឈ្មោះ លី គឹមស៊ុង ភេទប្រុស អាយុ២៨​ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ទីលំនៅបច្ចប្បន្នភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និង ឈ្មោះ ប្រាក់ វិច្ឆិកា ភេទស្រី អាយុ ២៣ឆ្នាំ បានបញ្ចប់បរិញ្ញាប័ត្រ សកលវិទ្យាល័យស្វាយរៀង ទីលំនៅបច្ចប្បន្នរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាសិស្សនិស្សិតជីវភាពក្រីក្រ ក្លាយជាមន្ត្រីរាជការបម្រើរការងារក្នុងរដ្ឋបាលខេត្តស្វាយរៀង ខុសនឹងច្បាប់រដ្ឋបាល។

បើយោងតាមបណ្តាញទំនាក់ទំនងសង្គម​ហ្វេសប៊ុកផេកមានឈ្មោះ «អភិវឌ្ឍន៍ ស្វាយរៀង​» បានសរសេ​ថា «ថ្មីៗ ក្តៅៗ ហុយៗ…បែក​ធ្លាយ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ធ្វើលិខិតទៅសម្តេចក្រឡាហោមដោយបំពានច្បាប់»។ ក្នងបណ្តាញហ្វេសប៊ុកដដែលបានសរសេរទៀតថា «មិនដឹងថា លោក ប្រាក់ សុវណ្ណ ទទួលសំណូកពីសាម៉ីខ្លួនប៉ុន្មានទេ? សូមបញ្ឈប់សកម្មភាពបែបនេះភ្លាមទៅ ហើយឈប់ដើរ​យក​លុយចូលក្របខណ្ឌ»។

តាមហ្វេសប៊ុកផេកឈ្មោះ «អភិវឌ្ឍន៍ ស្វាយរៀង» បានបញ្ជាក់ថា អភិបាលរងសោះ ខ្លាំងជាងចៅ​ហ្វា​យខេត្តទៀត។

ក្នុងនោះហ្វេសប៊ុក ឈ្មោះ Sothyrak Yuth បានសរសេរក្នុងខមមិនរបៀបដៀប​ឌាមថា “ស្រូលម្យ៉ាងដែរតើ! សុំដាក់ម្នាក់ទៀតផង គ្នាក្រណាស់ប្រឡងមិនដែលជាប់សោះ” ។ ចំ​ណែក ហ្វេសប៊ុកមានឈ្មោះ «សូរ បូរាណ» បាន​ខមមិន ថា “ចប់ហើយរដ្ឋបានយើងមិនសុំយោបល់​ទៅគណៈអភិបាលខេត្ត” និងមាន ខមមិន ជាច្រើនទៀតបានរិះគន់យ៉ាងចាស់ដៃផងដែរ។

សម្រាប់ហ្វេសប៊ុកផេកមានឈ្មោះ Loy Sam បានខមមិនថា “លិខិតខាងលើនេះ បានដកហូតវិញ​ហើយ ដោយកំហុសបច្ចេកទេស” ។

សូមរំឭកថា លោក ប្រាក់ សុវណ្ណ ជាអតីតអភិបាលស្រុកកំចាយមារ នៃខេត្តព្រៃវែង ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ចេញអនុក្រឹត្យប្រ​កាសតែ​ងតាំងជាអភិបាលរងខេត្តស្វាយរៀង និងដំ​ឡើងឋានន្តរស័ក្តិជាវរមន្ត្រីថ្នាក់លេខ១ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រុមអ្នកវិភាគបាននិយាយថា បើតាមមើលលិខិតស្នើសុំរបស់លោក ប្រាក់ សុវណ្ណ អភិ​បាលរងខេត្ត​ស្វាយរៀងនេះ វាខុសបែបបទរដ្ឋបាលជាពិសេសផ្ទុយនឹងច្បាប់តែម្តង។ ប្រ​ភពនិយាយមិនតែប៉ុណ្ណោះលិខិតនេះបានរំលោភអំណាចរបស់ចៅហ្វាយខេត្តផង​ដែរ។

ក្រុមអ្នកវិភាគនិយាយទៀតថា ប្រសិនបើការជ្រើសរើសមន្ត្រីរាជការស្នើសុំដាក់បញ្ចូលក្រមខណ្ឌបាន​ស្រេចតែអំពើចិត្តអញ្ចឹងមែននុះ! មិនខ្វះទេសិស្ស និសិ្សតក្រីក្រដែលមាន​បំណងចង់ចូលបម្រើរការ​ងាររដ្ឋ។ ប្រសិនបើកករណីខាងលើនេះ អាចដាក់បញ្ជូលក្រមខណ្ឌថ្មីបានដូចអ្វីដែលលោក ប្រាក់ សុ​វណ្ណ ស្នើមកកាន់សម្តេចក្រឡាហោម ស ខេង ដោយមិនចាំប្រឡងនោះគឺអយុត្តិធម៌បំផុតសម្រាប់​សិស្ស និស្សិតផ្សេងៗទៀត។

ពាក់ពន្ធ័និងករណីខាងលើនេះលោក រស់ ផារិទ្ធ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៏មានដឹងថា ករណីលិខិតស្នើសុំបញ្ចូលក្រមខណ្ឌនិស្សិតពីរ​រូបឲ្យក្លាយជាមន្ត្រី​សាលាខេត្តស្វាយរៀង ដាក់ទៅក្រសួងមហាផ្ទៃរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងនោះ រដ្ឋបាលខេត្តមិនបញ្ជូលលិខិតនេះទៅកាន់ក្រ​សួងមហាផ្ទៃឡើយ ព្រោះវាខុសលក្ខខណ្ឌ​បច្ចេកទេលផ្នែកក្បាល បែបរដ្ឋបាលចំពោះអ្នកបោះត្រា​។

នាយករដ្ឋបាលសាលាខេត្តរូបនេះ បានបន្តទៀតថា «តាមពិតប្រសិនបើជាចង់ស្នើសុំជាលក្ខណៈបុគ្គល ឬឯកជនជាសិទ្ធិរបស់គាត់ហើយបានលទ្ធផលយ៉ាងណានោះជារឿងគាត់​។ សម្រាប់ការប្រើលិខិតរដ្ឋបាលខេត្តត្រូវបានផ្អាក»។ លោកបន្តថា តាមពិតអ្នក​ណាក៏មានសិទ្ធិស្នើដែរជារូបវន្តបុគ្គល បានឬមិនយ៉ាងម៉េចជារឿងមួយ។

នាយករដ្ឋបាលដដែលបន្ថែមទៀតថា «កំហុសមកពីអ្នកបោះត្រាដោយឃើញថា មិនយល់ ដោយ​មានហត្ថលេខាពី​លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តអ្នកកាន់ត្រាក៏បោះទៅ ដោយមិនបានសួរនាំមក​លើថាគួរបោះឬមិនគួរបោះនោះមិនបានសួរទេ។ កន្លង​មកលោកធ្លាបបានណែនាំជារឿងៗពាក់ព័ន្ធ ការបោះត្រានេះមុននឹងបោះត្រូវតែពិ​និត្យមើលឲ្យល្អិតល្អន់ បើមិនច្បាស់ត្រូវសួរមកនាយករដ្ឋបាលសិន ដើម្បីពិនិត្យ»។

ចំពោះលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងនគរវត្ត នឹងរង់ចាំការបំភ្លឺពីលោកពាក់ពន្ធ័នឹងករណីដែលដូចការចោទប្រកាន់ខាងលើនេះផងដែរ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print