ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយ ទៀតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានឹង ចេញសារាចរដល់ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំអោយជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម ។
រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា ។
ទន្ទឹមនឹង នោះដែររាជរដ្ឋា ភិបាលកម្ពុជានឹងផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និង ហាម ឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំង អស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង ៕