ខេត្តសៀមរាប ៖ នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៦ និង ១០ នាទី កំលាំងកងរាជអាវុធហត្ថខេត្ត សៀមរាប ចំនួន ០៤នាក់ រថយន្ត ០១គ្រឿង ដឹកនាំដោយលោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ សហការណ៍ជាមួយកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកំលាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ១៦៩/២០១៨ ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៨ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង ដោយមានការ សម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ សុខថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើករថយន្តកងវិស្វកម្មលេខ១៧៨ ជាតិខ្មែរ ទីកន្លែងកំណើតនៅ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួននៅចំណុច ក្រុមហ៊ុន ស្រ៊ុនមុំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
គួររំលឹក នៅវេលាម៉ោង ០៦និង ១០នាទី ថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចនិយាមការ (៤៧. ៨៣៥-៣៨. ៩៥០) ខាងត្បូងជាប់ជើង(ភ្នំស្រីស្នំ) ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅខាងកើត ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប មានករណីឃាតកម្ម បង្កឡើយដោយជនសង្ស័យឈ្មោះ ម៉ៅ. សុថៃ ភេទប្រុស ពុំដឹងអាយុពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ពុំស្គាល់ភូមិ/ឃុំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល មុខរបរ បើកបររថយន្តកងវិស្វកម្មក្រសួងការពារជាតិដឹកដីនៅការដ្ឋានធ្វើផ្លូវឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាប (រត់គេចខ្លួន) បានធ្វើសកម្មភាពរឹតក ជនរងគ្រោះ (ត្រូវជាសង្សាររ) ឈ្មោះ ស៊ុន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ទីកន្លែងកំណើត ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ នារីបំរើការខារ៉ាអូខេ យីហោ (កំសាន្តរីករាយ) បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យបានយកសពទៅចោលនៅចំណុចខាងលើ ។
មូលហេតុជនសង្ស័យ ខឹងនឹងជនរងគ្រោះសុំទៅនៅជាមួយ ពីព្រោះជនសង្ស័យត្រូវផ្លាស់ប្ដូរការដ្ឋានទៅធ្វើនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី