ខេត្តត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ស្នងការខេត្តត្បូងឃ្មុំបានបញ្ជាក់ថា កាលពីវេលាម៉ោង ០៣និង ០៣នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបិទទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កំលាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី រូបលោក និង លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុវត្តដីកាចំនួន ២ដីកា គឺដីកា លេខ៩៨៥ ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ។
ករណីលួចមានស្ថានទំងន់ទោស (ប្លន់)ប្រព្រឹត្តទៅនៅភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង លេខ ១២០៤ ខែមីនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តកំពង់ចាម ករណីលួចមានស្ថានទំងន់ទោស (ប្លន់)ប្រព្រឹត្តទៅនៅភូមិក្បាលស្លែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជនសង្ស័យមានឈ្មោះ ញ៉េ ឡយ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាមុខសញ្ញាមេក្រុមចោរប្លន់ផ្ទះលក់ឥវ៉ាន់ចាប់ហួយ កាលពីពេលថ្មីៗនេះផងដែរ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកឧត្តសេនីយ៍ស្នងការក៏បានបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តដីកានេះ កំលាំងសមត្ថកិច្ចបានឡោមព័ទ្ធជនល្មើស ក្នុងពេលកំពុងណាត់គ្នាញអាវុធ ដើម្បីធ្វើសកម្មភាពបន្ត ។ ពេលនោះសមត្ថកិច្ចបានហៅជនសង្ស័យដែលកំពុងជិះម៉ូតូបម្រុងគេចខ្លួនឈប់ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ច ប៉ុន្តែជនសង្ស័យ បានបាញ់តដៃ មកសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានបាញ់តវិញ ដើម្បីការពារខ្លួន ក៏បណ្តាលឲ្យបក្ខពួកជនល្មើស ស្លាប់ ម្នាក់ ឈ្មោះ នាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជាមុខសញ្ញាមកពីខេត្តកំពង់ធំ និង ជនសង្ស័យ ឈ្មោះ ញ៉េ ឡយ បានរងរបួសជើង បែកជង្គង់ ហើយកំពុងត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ចំពោះជននេះ ៕
ដោយ៖ វណ្ណះ