ភ្នំពេញ: រថយន្តមួយគ្រឿងបើកលឿនរេចង្កូតទៅបុកទ្រូងផ្លូវរលំ២កង់២កង់ ហើយរថយន្តគងពីលើទ្រូងផ្លូវ ជាប់ទៅមុខលែងរួច កាលពីម៉ោងជាង១១យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះរោត្តម ទល់មុខស្ថានទូតថៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតាកាមរីឆ្លាម ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8853 តាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរលំអស់២កង់ ចំណែករថយន្ត គងពីលើទ្រូងផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ជ្រោយពេជ្រ