ភ្នំពេញ៖ អតីតពលករនៅកូរ៉េ និងជាអតីតអ្នកចម្រៀង លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់បានធ្វើឲ្យគេភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីគ្រាកន្លងទៅ ព្រោះតែលោកបានបរិច្ចាកថវិកាជាច្រើនសន្ធឹកសន្ធាប់ជួយដល់ការងារសង្គមជាហូរហែរ។ ជាថ្មីម្តងទៀតលោកបានចំណាយថវិកាប្រមាណ៤០លានរៀលដើម្បីចែកអំណោយដល់កម្មករជាង១ពាន់នាក់ដែលធ្វើការក្នុងបុរីរបស់លោក។
ការចែកអំណោយនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី០៤ខែមិថុនានេះ នៅក្នុងបុរីឡេងណាវ៉ាត់ត្រាផ្ទាល់តែម្តង។ ទោះជាយ៉ាងណានេះមិនមែនលើកទីមួយទេដែលអតីតតារាចម្រៀងរូបនេះបានជួបជុំសំណះសំណាល សួរសុខទុក្ខដល់បណ្តាកម្មករដែលខិតខំធ្វើការយ៉ាងសស្រាក់សស្រាំក្នុងបុរីរបស់លោក។
លោក ឡេង ណាវ៉ាត់ត្រា បាននិយាយថាការឆ្លៀតពេលជួបកម្មករជាង១ពាន់នាក់ នេះគឺដើម្បីជម្រុញនិងលើកទឹកចិត្តពួកគាត់ ហើយលោក ជឿជាក់ថាបងប្អូនទាំងអស់ និងរួមកំលាំងគ្នា សាងសង់ផ្ទះដែលមានគុណភាពដល់អតិថិជន ហើយបើមានបងប្អូនកម្មកររូបណា មានបញ្ហាអ្វីគឺអាចនិយាយ ជាមួយលោកបាន។ លោកបញ្ជាក់ដែរថាដោយសារកន្លងមកលោកធ្លាប់បម្រើការងារជាពលករនៅបរទេសទើបលោកដឹងពីសុខទុក្ខ និងយល់ពីតម្រូវការរបស់កម្មករទាំងអស់ ហើយអ្វីដែលពួកគាត់ចង់បានគឺភាពស្និទ្ធស្នាល និងការលើកទឹកចិត្ត។
លោកឧកញ៉ាវ័យក្មេងរូបនេះបញ្ជាក់ដែរថាទោះបីជាអំណោយជាថវិកា និងអាហារពេលនេះមិនច្រើនបំពេញតម្រូវការទាំងមូលរបស់គ្រួសារពួកគាត់ ប៉ុន្តែលោករំពឹងថាការចូលរួមចែករំលែកលើកទឹកចិត្តនៅពេលនេះគឺពិតជាជំរុញឲ្យពួកគាត់មានសង្ឃឹមក្នុងជីវិត និងខិតខំបំពេញការងារបានកាន់តែល្អ៕ ដោយ វឌ្ឍនា