ភ្នំពេញ ៖ ដូចការគ្រោងទុក នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។
នៅក្នុងជំនួបពិភាក្សា លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងពីស្ថិរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកសង្ឃឹមថា ប្រទេសកម្ពុជា នឹងនៅតែរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍបន្តទៀត។
ចំណែកលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចជាកាលជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា ព្រមទាំងជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយសង្ឃឹមថា កិច្ចសហប្រតិបតិ្តការរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែបន្តរឹងមាំទៅថ្ងៃអនាគត។
សូមរម្លឹកថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជួបសម្តែងការគួរសមជាមួយលោក អ៊ឹង អេងហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបូរីផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានធ្វើដំណើរទស្សនកិច្ច នៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី៦៤ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងកឡុងពេលទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបជាមួយថ្នាក់ដឹកនាំសឹង្ហបុរី រួមមាន លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបូរី លោក ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបូរី និងលោកបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី និងឥស្សរជនសំខាន់ៗ នៃសាធារណៈរដ្ឋសិង្ហបុរី៕ ហេង សូរិយា