ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញជាលាយលក្ខណ៍អក្សរ បញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ឋបិទច្រករបៀងទាំងអស់ដែលមាននៅតាមព្រំដែន ។
សេចក្តីណែនាំស្តីពីការពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ដែលចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានពន្យល់ថា ការលុបបំបាត់ច្រករបៀងគឺដើម្បីទប់ស្កាត់ការចេញចូលខុសច្បាប់ ក៏៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗទៀតនៅតាមព្រំដែន ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដដែល ក៏បានស្នើដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែននិងអាជ្ញាធរពាក់ព័ន្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍នៅតាមព្រំដែន ឲ្យបន្តស្ថិតនៅនៅក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន តាមរយៈការបង្កើនវិធានការ ការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានាការទាន់ពេលក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ឋភាព ជាពិសេសបទល្មើសឆ្លងដែនដូចជា៖ អំពើភេរវកម្ម ការជួញដូរដឹកជញ្ជូនអាវុធគ្រឿងផ្ទុះ ការចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់។ល។ ។ ជាមួយគ្នានោះ ត្រូវសហការជាមួយម្ចាស់ ឬ អ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និងវិស័យឯកជន ដើម្បីធ្វើការគ្រប់គ្រងនិងអប់រំនិយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិព្រំដែន របៀបរបបចេញចូលប្រទេស និងមិនធ្វើដំណើរឆ្លងដែនខុសច្បាប់ ។ ត្រូវពង្រឹងវិធានការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនឲ្យបានហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីច្រកទ្វារព្រំដែន។
ត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនស្របច្បាប់ ដើម្បីប្រកបមុខរបរប្រចាំថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬមានធុរៈចាំបាច់ផ្សេងៗ ។
ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែបានជិតស្និទ្ឋជាមួយសមភាគីនៃប្រទេសជាប់ព្រំដែន ដោយយកចិត្តទុកដាក់ជំរុញយន្តការដែលបានចាត់តាំងកន្លងមក ឲ្យបំពេញភារកិច្ចបានសកម្មក្លៀវក្លា ពង្រឹងរបបប្រជុំយន្តការព្រំដែនគ្រប់ថ្នាក់ដែលមានគោលការណ៍ឲ្យបានទៀងទាត់ ដើម្បីផ្លាស់ប្តូរសភាពការណ៍ និងរឹតចំណងមិត្តភាពសហប្រតិបត្តិការបានស្អិតរមួតជាមួយគ្នា ជាមួយគ្នានោះក៏ត្រូវរៀបចំនូវប្រព័ន្ឋទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីសហការដោះស្រាយកិច្ចការបន្ទាន់ ។
ត្រូវរៀបចំយន្តការដឹកនាំ ត្រួតពិនិត្យនិងរបៀបរបបរាយការណ៍ សំដៅធានាប្រសិទ្ឋភាពរាល់វិធានការដែលបានដាក់ចេញ ដោយត្រូវចាត់ឲ្យមានមន្ត្រីទទួលបន្ទុកតាមដានកិច្ចការច្បាស់លាស់ មានវិធីចុះត្រួតពិនិត្យជាក់ស្តែងដើម្បីក្រើនរំឮក កែលំអ ឬ លើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចតាមព្រំដែន និងក្តាប់បានអំពីស្ថានភាពប្រែប្រួលជាក់ស្តែងតាមបណ្តោយព្រំដែន ។ ត្រូវមានរបាយការណ៍ប្រចាំខែផ្ញើមកក្រសួងមហាផ្ទៃ និងត្រូវរាយការណ៍បន្ទាន់ ដើម្បីមានវិធានការដឹកនាំបានទាន់ពេលវេលាក្នុងករណីចាំបាច់ ៕