អាយ៉ៃឆ្លើយឆ្លងនៅតែបន្ត​រវាងនាង លីតា នឹងអន្ទិត វណ្ណា

ចែករំលែក៖

ភ្នំពេញ​៖ កញ្ញា លី​តា ដែលជា​អតីត​ស្រី​ស្នេហ៍​របស់​អតីត​ចៅអធិការ ស្រិល វណ្ណា បានចេញ​វិ​ដេ​អូ​ថ្មី​មួយទៀត នៅល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​។ នាង​បាន​បកស្រាយ ដោយ​បដិសេធន៍​ថា នាង និង​ម្តាយ​នាង មិនបាន​ដាក់​ថ្នាំ​សណ្តំ​លើ​អតីត​សង្ឃ​នេះ​ទេ​។ ជាមួយគ្នានេះ កញ្ញា លី​តា ក៏បាន​បង្ហាញ​ឃ្លី​ប​វិ​ដេ​អូ និង​សារ​ជា​សំឡេង​ជាច្រើន ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អតីត​សង្ឃ​បរាជិក និង​ទ្រូ​សសី​ល ស្រិល វណ្ណា ធ្វើ​មេ​ក្លាខ្លោង ចាក់​កន្ទុយលេខ ព្រមទាំង​សារ​សង​ស្នេហា​អូន​បង​ជាមួយ​នាង​ផងដែរ​។

នៅក្នុងវីដេអូឃ្លីបសំឡេងមានរយៈពេលជាង១០នាទីនោះ ទំនងជា​នាង លីតា បានរកអ្នកបច្ចេកទេស​ឲ្យកាត់សំឡេងនាងចេញ មុននឹងដាក់បង្ហោះ ពីព្រោះថា គេឮតែសំឡេងអន្ទិត វណ្ណា និយាយតែម្នាក់ឯង ដោយពោលពាក្យ​នឹកស្រឡាញ់នាង លីតា និងសំឡេងខ្លះនិយាយអំពីការចាក់កន្ទុយលេខ ។ គេមិនដឹងថា តើ​ហេតុអ្វីបានជានាង​ លីតា មិនព្រមបញ្ចេញសារសំឡេងឆ្លើយឆ្លងដោយផ្ទាល់ បែរជាទុកសំឡេងអន្ទិត វណ្ណា តែម្នាក់ឯង​ឲ្យមហាជនបានស្តាប់នោះ ។ ​

​សូម​រម្លឹកថា ទំនាស់រវាង​អតីត​ព្រះសង្ឃ​បរាជិក ស្រិល វណ្ណា អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ និង​ជា​អតីត​អនុគណ​ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​កញ្ញា លី​តា បាន​បង្ហោះ​វិ​ដេ​អូ និង​រូបថត កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញ​ពី​ការ​ស្នេហា​ផ្អែមល្ហែម​រវាង​នាង និង​អតីត​ព្រះសង្ឃ ស្រិល វណ្ណា ទាំង​ខ្លួន​នៅ​គ្រង​ស្បង់​ជីវរ​។ ឃ្លី​ប​វិ​ដេ​អូ​នោះ ក៏បាន​បង្ហាញ​ពី​អតីត​សង្ឃ ស្រិល វណ្ណា កាន់​ពោត លិ​ត និង​បៀម បែប​អាសអាភាស​ថែមទៀត​។​

​ហេតុការណ៍​នោះ ត្រូវបាន​ថ្នាក់ដឹកនាំ​ព្រះសង្ឃ និង​មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ ប្រជុំ​ដោះស្រាយ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ទាំង​ឪពុកម្តាយ និង​កញ្ញា លី​តា រួមទាំង​អតីត​ព្រះសង្ឃ ស្រិល វណ្ណា ចូលរួម​ទល់មុខ​គ្នា ជជែក​ដោះស្រាយ ហើយ​មាន​អ្នកកាសែត​យ៉ាងច្រើន បាន​យក​ព័ត៌មាន និង​ថត​ផ្សាយ​ផ្ទាល់​ថែមទៀត​។

​ក្នុងពេល​ដោះស្រាយ​នោះ ខាង​កញ្ញា លី​តា បាន​អះអាងថា អតីត​ព្រះសង្ឃ ស្រិល វណ្ណា បាន​ចាប់​នាង​រំលោភ កាលពី​ថ្ងៃទី​១៨-១៩ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​របស់​នាង ហើយ​បានសម្រេច​ថែមទៀត​។ តែ​អតីត​ព្រះសង្ឃ ស្រិល វណ្ណា បាន​បដិសេធថា មិនមែនជា​ការចាប់រំលោភ​ទេ តែ​ជាការ​ត្រូវរ៉ូវ​គ្នា ហើយ​មិនបាន​សម្រេច​ទេ​។

​យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​ព្រះសង្ឃ នៅ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ខាង​ស្រី និង​ខាង​ប្រុស ដែល​ស្រី​ប្រកាន់ ប្រុស​ប្រកែក​នេះ ផឹកទឹកសម្បថ មុននឹង​ចាប់​ផ្សឹក​អន្ទិត ស្រិល វណ្ណា​។ ក្រោយពី​ផ្សឹក​រួច អន្ទិត ស្រិល វណ្ណា មិន​ត្រូវបាន​ចាប់ខ្លួន​ទេ តែ​ប៉ូលិស​បាន​នាំទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ការពារ​សុវត្ថិភាព ក្រែងលោ មានប្រតិកម្ម​ពី​មហាជន​។​

​កញ្ញា លី​តា បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​ប្តឹង​អតីត​សង្ឃ ស្រិល វណ្ណា ពីបទ​រំលោភ​សេពសន្ថវៈ​លើ​នាង ហើយ​ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​។​

​ប៉ុន្តែ​ករណី​នេះ ត្រូវបាន​អន្ទិត ស្រិល វណ្ណា អះអាង​ក្នុង​បទសម្ភាសន៍​ផ្សាយ​ផ្ទាល់​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ ថា ខ្លួន​ត្រូវ​ថ្នាំ​របស់​កញ្ញា លី​តា ហើយ​ធ្វើ​សកម្មភាព​ទាំងនោះ ទាំង​មិនដឹង​ខ្លួន តាម​ការបង្គាប់បញ្ជារ​បស់​កញ្ញា លី​តា សាច់​សខ្ចី​។​

​យ៉ាងណាក៏ដោយ ការលើកឡើង​របស់​អន្ទិត ស្រិល វណ្ណា ត្រូវបាន​មហាជន​ចាត់ទុក​ជាការ​ដោះសារ​ប៉ុណ្ណោះ ព្រោះថា បើ​មើល​រូបថត និង​វិ​ដេ​អូ គឺជា​ទង្វើ​អសីលធម៌ ខុស​វិន័យ​សង្ឃ​របស់​អន្ទិត ស្រិល វណ្ណា ខណៈដែល​ខ្លួន​នៅ​ជា​ព្រះសង្ឃ គ្រង​ស្បង់​ជីវរ បែរ​ជាមាន​ស្នេហា អូន​បង​ជាមួយ​ស្រីក្មេង​សាច់​សខ្ចី មាន​ទាំង​អោបថើប នៅក្នុង​បន្ទប់​តែ​ពីរ​នាក់ ហើយ​ថតរូប​ថែមទៀត​។ មិនតែប៉ុណ្ណោះ ក៏មាន​រូបថត និង​វីដេ​អូ លេង​ខ្លា​ឃ្លោក ភ្នាល់​គ្នា​ស៊ីលុយ និង​លេង​កន្ទុយលេខ​ទៀត​។ នេះ​ពិតជា​យក​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ មក​ជាន់ឈ្លី ប្រព្រឹត្ត​អំពើ​ពាលា​អាវ៉ាសែ ជា​សង្ឃ​ពាល នាំ​ឲ្យ​អាប់អោន​ដល់​ព្រះពុទ្ធសាសនា​យ៉ាងពិត​ប្រាកដ​។​

​ដោយឡែក កញ្ញា លី​តា វិញ ក៏​មិន​ណ​យ​ដែរ​។ ខ្លួន​ជា​ស្រី ហើយ​នៅ​ក្មេង សាច់​សខ្ចី មិន​ខ្វះ​ទេ​ប្តី​។ ហេតុ​អី ក៏​ទៅ​លួចលាក់​មាន​ស្នេហា​ជាមួយ​ព្រះសង្ឃ​។ ប្រើ​សម្រស់ ពង្វក់​ព្រះសង្ឃ រហូតដល់​ឲ្យ​ព្រះសង្ឃ ចូលដេក​ក្នុង​បន្ទប់ ហើយ​ថែមទាំង​រួមរក្ស​គ្នា​ទៀត​។ ករណីនេះ ច្បាស់​ណាស់​ថា មិនមែនជា​រឿង​រំលោភ​សេពសន្ថវៈ​អ្វី​ទេ ព្រោះថា បើ​រំលោភ ដោយ​ចាប់បង្ខំ​រួមភេទ​មែន​នោះ ហេតុ​អី​នាង​មិន​ស្រែក នាង​មិន​រករឿង​អតីត​សង្ឃ​ទ្រូ​សសី​ល​នោះ ក្រោយពី​កើតរឿង​ភ្លាមៗ​ទៅ​? ហេតុ​អី​ទើបតែ​ពេលនេះ ទើប​នាង និង​ឪពុកម្តាយ ធ្វើជា​ឆោ​រ​ឡោ បង្ហោះ​វិ​ដេ​អូ ធ្វើ​ឲ្យ​កក្រើក​សង្គម​កម្ពុជា​ទៅវិញ​?

រឿងនេះ​មិនអាចលាក់បាំងបានទេ ហើយវានឹងលេចចេញនូវការពិតកាលពីអតីតកាលជាបន្តទៀត ។ គេជឿថា បុគ្គលទាំងពីរ​មានលួចលាក់ស្នេហាស៊ីជម្រៅរាប់ខែ រាប់ឆ្នាំណាស់មកហើយ ។ បើមិនយ៉ាងដូច្នោះ នាង លីតា ជាស្រីក្រមុំបរិសុទ្ធ មិនអាចចូលក្នុងបន្ទប់តែពីរនាក់ជាមួយសង្ឃដូចដែលបានបង្ហាញរូបភាពករណីលិឌពោតនោះបានទេ ។ ស៊ីជម្រៅដូចករណីលិឌពោត ។ ដូច្នេះវាមិនអាចនិយាយបានថា ជាការរំលោភបំពានលើរាងកាយអ្វីឡើយ ។ ផ្ទុយទៅវិញ ជាការព្រមព្រៀងរវាងភាគីទាំងពីរ ។ នៅត្រង់ចំណុចនេះ ភាគីទាំងពីរបានព្យាយាម​មិននិយាយ ឬ​ព្យាយាមលាក់បាំងរៀងខ្លួន ។ ប៉ុន្តែ​ការពិត ប្រសិនបើភាគីទាំងពីរ​ព្យាយាមឆ្លើយឆ្លងគ្នានោះ វានឹងលេចចេញនៅពេលណាមួយមិនខាន ។ នោះគឺការលេចចេញដែលបញ្ជាក់ថា ពួកគេ​រួមរស់ជាមួយគ្នាដូចប្តីប្រពន្ធរាប់ដងរាប់ភ្លេចទៅហើយ ។ ដូច្នេះបើនាងប្តឹងអំពីការចាប់រំលោភ ក៏វាពិបាកដែរ ។

សម្រាប់អន្ទិត វណ្ណា ការដែលព្យាយាមលាក់បាំងមិននិយាយអំពីរឿងជម្រៅ​នៃស្នេហានោះ ក៏ព្រោះតែខ្លាចរងនូវការរិះគន់ធ្ងន់ៗពីមហាជន ។ ប្រសិនបើនិយាយថា​ខ្លួនបានដេកនៅ​ជាមួយនាង លីតា រាប់ភ្លេចមិនអស់នោះ វានឹងនាំឲ្យមានការរិះគន់កាន់តែខ្លាំងពីមហាជន និង​ធ្វើឲ្យ​ខ្លួនបាត់បង់តម្លៃអស់ជំនឿ​ពី​មហាជននាពេលអនាគត ។ ដូច្នេះវាគ្រាន់តែជាការចង់រក្សាតម្លៃខ្លួនជាសង្ឃ ។ ប្រសិនបើអន្ទិតវណ្ណា ចង់ឈ្នះនាង លីតា នោះមុខជាបកអាក្រាតខ្ទិចខ្ទីរឿង​ដេកពូននោះទៅហើយ ។ ដូច្នេះ មិនចង់ឲ្យគេរិះគន់ខ្លួនជាសង្ឃដេកជាមួយស្រី ក៏ព្យាយាមលាក់បាំងការពិតត្រង់ចំណុចនេះ ។

អ្វីដែលអន្ទិត ស្រិល វណ្ណា កំពុងធ្វើ គឺហាក់ដូចជាកំពុងនៅឆ្ងាយពីរឿងរ៉ាវស្នេហាជាមួយនាង លីតា ។ សម្រាប់ក្រុមគ្រួសារនាង លីតា ការប្តឹងប្រាថ្នាយកប្រាក់៥ម៉ឺនដុល្លារ ឬ៥លានដុល្លារ មិនអាចជួសជុលប៉ះប៉ូវកិត្តិយសក្រុមគ្រួសារបានឡើយ ។

​សរុបមក ទាំង​អន្ទិត ស្រិល វណ្ណា និង​ទាំង​កញ្ញា លី​តា គឺ​ច្បាស់​ណាស់​ថា អ្នក​ទាំងពីរ ចាញ់​សម្បថ ដែល​ទេវតា​បរាមុខ​អ្នក​ទាំងពីរ​យ៉ាងច្បាស់ តាមរយៈ​រឿងរ៉ាវ ដែល​បែកធ្លាយ​នាពេល​នេះឯង​ ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនគួរអត្ថាធិប្បាយដាក់កំហុស​ទៅលើបុគ្គលម្ខាងៗឲ្យហួសហេតុបានទេ ។ ការទម្លាក់កំហុស​នាំឲ្យបុគ្គលម្ខាងៗ ដែលជាតួឯកក្នុងរឿងនេះអាចគិតខ្លីព្រោះតែភាពអាម៉ាស ឈានដល់ការធ្វើអត្តឃាត ឬយ៉ាងណានោះ វានឹងនាំឲ្យវិប្បដិសារីមិនខានឡើយ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print