ភ្នំពេញ៖ តារាចម្រៀងពេជ្រ សោភា ត្រូវបានអ្នកគាំទ្រធ្វើខួបកំណើតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី០៨ ខែ មិថុនានេះនៅភោជនីយដ្ឋានមួយនា តំបន់មាត់ទន្លេ។ ខួបកំណើតដែលអ្នកគាំទ្រធ្វើឲ្យនេះមិនមានវត្តមានអ្នកសិល្បៈនោះទេក្រៅតែពីគូស្នេហ៍ លោក ឈឹម សក្កដា និងតារាសម្តែង ដួង ម៉ានិច។
ពិតជាគួរឲ្យរំភើប សម្រាប់តារាចម្រៀង ពេជ្រ សោភាដែលមានអ្នកគាំទ្រជាច្រើនធ្វើខួបកំណើតលើកទឹកចិត្ត។ កាន់តែរំភើបគឺលេចវត្តមានគូស្នេហ៍ផ្អែមល្ហែមនៅកៀកកិតជិតនាងផងដែរ។ មិនមានវត្តមានសិល្បករក៏ព្រោះតែជាកម្មវិធីដែលអ្នកគាំទ្រនាងជាច្រើនបានរួមគ្នាប្រារព្ធធ្វើលើកទឹកចិត្ត និងបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះនាង។ ពេជ្រ សោភា បានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងក្រោយពីអ្នកគាំទ្របិទភ្នែកនាងពីផ្លូវដើរចូលងក្នុងហាង ហើយក្រោយពេលបើកភ្នែកនៅក្នុងហាងជាមួយនឹងទិដ្ឋភាពនៃការតុបតែងរូបថត ភ្លើងពណ៌ ផ្កាស្រស់ស្អាត និងនំជាច្រើននៅលើតុ។
តារាស្រីរូបនេះបានថ្លែងទាំងរំភើបក្តុកក្តួលអរគុណទៅកាន់អ្នកគាំទ្រ ហើយអ្វីដែលនាងផ្សងនៅថ្ងៃនេះគឺសង្ឃឹមថាឪពុករបស់នាងដែលទទួលមរណភាពកន្លងទៅនឹងបានទៅដល់ទីឋានស្ងប់សុខ។ នាងក៏អរគុណដល់ក្រុមហ៊ុន OPPO បានផ្តល់ឱកាសឲ្យនាងក្លាយជាតារាតំណាងផលិតផលរយៈពេល២ឆ្នាំ និងផ្តល់សំណាងសម្រាប់រូបនាងផងដែរ ដែលក្នុងឱកាសនោះដែរនាងក៏ទទួលបានទូរស័ព្ទទំនើប OPPOពណ៌ស្វាយដែលជាពណ៌នាងស្រលាញ់ខ្លាំង។
ក្រៅពីក្រុមហ៊ុនទូរស័ព្ទដៃ នាងក៏ទទួលបានកាដូលើកទឹកចិត្ត និងពាក្យជូនពរជាច្រើនពីអ្នកគាំទ្ររបស់នាងផងដែរ៕ ដោយ វឌ្ឍនា