ភ្នំពេញ៖ គេចាំបានថាក្នុងថ្ងៃខួបកំណើតឆ្នាំ២០១៧ តារាសម្តែងសាច់សខ្ចីអ្នកនាងគង់ ច័ន្ទស្រីមុំ បានប្រមូលសម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនលក់ឡៃឡុង ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាម្តងរួចមកហើយ។ ឆ្នាំនេះនាងគ្រោងរៀបចំកម្មវិធីជាថ្មីស្រដៀងគ្នានេះម្តងទៀត មុនថ្ងៃនាងសម្រាលកូនភ្លោះក្នុងពេលខាងមុខ។
ឆ្នាំមុនមានការភ្ញាក់ផ្អើលម្តងរួចមកហើយដោយ គង់ ច័ន្ទស្រីមុំបានប្រមូលសម្លៀកបំពាក់ កាបូប ក៏ដូចជាស្បែកជើងជាច្រើនសន្ធឹកសន្ធាប់ដែលសុទ្ធសឹងតែជារបស់ល្អៗ មានតម្លៃថ្លៃៗ ទៅដាក់លក់ឡៃឡុងនៅមុខហាង របស់នាង ក្នុងគោលបំណងយកថវិកាដែលបានពីការលក់នោះ ទៅធ្វើអំពើមនុស្សធម៌ជាមួយនឹងស្វាមីជាទីស្រឡាញ់ ។ កន្លងមកទំនិញដែលនាងបានប្រមូលដាក់លក់ត្រឹមតែ២ថ្ងៃ ត្រូវបានលក់ដាច់អស់គ្មានសល់ទើបនាងនិងស្វាមីលោកគឹម សីហា បានប្រគល់ថវិការចំនួន៧,៧៧៧,០០០រៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ក្មេងៗដែលខ្វះខាតនូវថវិកាសម្រាប់ទិញសម្ភារ សិក្សាផ្សេងៗ នាសាលាដូងនៅលើខ្នងភ្នំគិរីរម្យ។ ឆ្នាំនេះនាងគ្រោងរៀបចំឲ្យមានកម្មវិធីលក់ចេញដូចឆ្នាំមុនផងដែរ។ នាងថាពិតជាចង់យកថវិកាដែលទទួលបានពីការលក់ឆ្នាំនេះទៅជួយដល់ក្មេងៗនៅទីតាំងផ្សេងដែរប៉ុន្តែនាងកៀកនឹងថ្ងៃសម្រាលកូនបាត់ទៅហើយ។ កម្មវិធីលក់ រក មូនិធិ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា សំរាប់កុមាកម្ពុជានឹងធ្វើនៅថ្ងៃទី ១៧ ខែ មិថុនា ខាងមុខនៅហាងMomoរបស់នាងផ្ទាល់តែម្តង៕
វឌ្ឍនា