ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។
លោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ក៏បានលើកឡើងពីការអភិវឌ្ឍន៍ សន្តិភាព នៅកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺរីកចម្រើនគ្រប់ទីកន្លែងលើសពីគ្រាមុនៗកាន់តែខ្លាំង។
កន្លងមកឃើញថា៖ ប្រទេសទាំង២ គឺព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ តែងមានទំនាក់ទំនងគ្នាបានល្អក្នុងនាមជាប្រទេសជិតពីដើមរៀងមក ហើយប្រទេសទាំង២បានបន្តចំណងប្រតិបត្តិការជាមួយគ្នាលើវិស័យសេដ្ឋកិច្ចធំៗ ទេសចរណ៍ និងទទួលយកពលករខ្មែរទៅធ្វើការស្របច្បាប់ជាដើម៕
ដោយ៖ ស រស្មី