ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានររៀបចំកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី២ (English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកល វិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៦.៦០៨នាក់ ។ គោលបំណងនៃការប្រកួតសំណេរភាសាអង់គ្លេសគឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុ TOEFL ឬIELTSយ៉ាងតិច 6.5 ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។ ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់មាតា បិតា អាណាព្យាបាលសិស្សនិស្សិត ដែលតែងតែគាំទ្រដល់ការបណ្តុះបណ្តាលអប់រំ និងផ្តល់លទ្ធភាពដល់កូនៗរបស់ខ្លួនឲ្យមកសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក៏ដូចជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងគ្រោងបើកសម្ពោធសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី២ ដែលស្ថិតនៅផ្លូវជាតិលេខ ៣ (ចោមចៅ) នៅពេលឆាប់ៗខាងមុខ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត និងលោកជំទាវ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន ១២នាក់ ផងដែរ៕