តុលាការសម្រេចឃុំខ្លួន​ដាក់ពន្ធនាគារ​ជនដែលបង្ហោះសារ​ ប្រមាថ ព្រះជេស្ដាព្រះមហាក្សត្រហើយ

ចែករំលែក៖

ភ្នំពេញ ៖​ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ​ លោក ពេជ្រ​ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី​ ភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន ជនដែលបង្ហោះសារ​ ប្រមាថ ព្រះជេស្ដាព្រះមហាក្សត្រ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងគំរាមកំហែងថានឹងសម្លាប់» តាមបញ្ញត្តិមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងមាត្រា២៣៣ នៃក្រុមព្រហ្មទណ្ឌ។​

គួររំឭកថា​ ជនដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រ តាមបណ្ដាញសង្គម Facebook​ ត្រូវកម្លាំងនគរបាលតាម​ចាប់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨​កន្លងទៅ​នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការតាមជនដែលប្រមាថលើអង្គព្រះមហាក្សត្រ ត្រូវបានធ្វើឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស​ បច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី។

បុគ្គលនេះបានប្រើប្រាស់គណនី Facebook ឈ្មោះ «អៀង ជលសា» បានបង្ហោះសារ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បុគ្គលខាងលើនេះ ធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់​ ដំបង កាលពីពេលកន្លងទៅផងដែរ ក្រោយប្រព្រឹត្តបទល្មើស។

មន្ដ្រីនគរបាលដដែលរូបនេះ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងនគរបាលជំនាញបានស្រាវជ្រាវតាមរយៈ​ រូបថតមួយ ដែលថតនៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងក៏បានសហការគ្នារវាងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ តាមចាប់បាននៅល្ងាចថ្ងៃនេះ ។

ក្រោយឃាត់ខ្លួន ជនរូបនេះត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់​ ៕​ នគរ​ដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print