បែកធ្លាយប្រធានមន្ទីររៀបចំដែនដី និងប្រធានភូមិបាលស្រុកអន្លង់វែងធ្វើបណ្ណកម្មសិទ្ធិយកដីបឹងរមណីយដ្ឋានផ្ទះតាម៉ុកធ្វើជារបស់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ កាលពីថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានការបែកធ្លាយថា លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរ មានជ័យ និងលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់ វែងបានវាស់វែងដីបឹងរមណីយដ្ឋានផ្ទះ តាម៉ុកមានលក្ខណៈជាប្រព័ន្ធដើម្បីធ្វើជា កម្មសិទ្ធិរបស់ខ្លួន ។

សារបែកធ្លាយដែលបានចោទថា លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដី និងលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងបានទៅវាស់វែងយកដីបឹងផ្ទះតាម៉ុកជាលក្ខណៈប្រព័ន្ធមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះគឺបានបែកធ្លាយនៅ ពេលដែលបានបិទប្រកាសផ្សាយក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រព័ន្ធរួចរាល់ក្នុងភូមិអូរចិញ្ចៀន និងភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

បើយោងតាមឯកសារលោក គឹម គាវិន និងលោក ស្ដើង វ៉ាន់ណេត បានចុះឈ្មោះ ក្នុងការចុះបញ្ជីកាន់កាប់ដីធ្លីជាលក្ខណៈ ប្រព័ន្ធនៅបឹងតាម៉ុកបានដាក់ថា ទ្រព្យរួមប្ដី ប្រពន្ធ។ ក្នុងនោះឈ្មោះរបស់លោក គឹម គាវិន នៅក្នុងជួរលេខរៀងក្បាលដី៨៥៥ លោក ស្ដើង វ៉ាន់ណេត មានលេខរៀង ក្បាលដី៨៦៦ ។

ប្រជាពលរដ្ឋបានចោទទៅលើប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីលោក គឹម គាវិនថា ការបិទ ប្រកាសឈ្មោះក្បាលដីហាក់បីដូចជាមានការតក់ក្រហល់និងលាក់លៀមដោយមិនបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយទុកជាមុន ឬក៏ថ្ងៃបិទប្រកាសបែរជាមកបង្ហោះឲ្យដឹងនៅថ្ងៃបញ្ចប់ការបិទប្រកាសទៅវិញ ហើយការបិទប្រកាសមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។ ហេតុនេះមានប្រជាពល រដ្ឋជាច្រើនខកចិត្តមិនបានមកពិនិត្យលេខក្បាលដីរបស់ខ្លួន ។

លោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងមិនបានបកស្រាយជុំវិញករណីខាងលើនេះទេ ។

លោក គឹម គាវិន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរមានជ័យបានឲ្យដឹងថា ចំពោះប្លង់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធិ របស់លោកនោះមិន មែនស្ថិតនៅក្នុងតំបន់អនុក្រឹត្យផ្ទៃបឹងទេគឺនៅចម្ងាយ៥០ម៉ែត្រពីអនុក្រឹត្យ ហើយនៅមានផ្លូវក្រវាត់ផ្ទៃបឹង មួយខ្សែទៀតមិនមែនដូចការចោទថា ទៅធ្វើប្លង់យកដីនៅក្នុងផ្ទៃបឹងនោះទេ។ ការ ចោទប្រកាន់ថា ការបិទផ្សាយធ្វើឡើង ដោយការលាក់លៀមនោះគ្មានទេគឺធ្វើ ឡើងទៅតាមអនុក្រឹត្យដោយមានការចូលរួមពីបណ្ដាអ្នកសារព័ត៌មានផងដែរ ។

យោងតាមការបកស្រាយរបស់លោក គឹម គាវិន អាចបញ្ជាក់បានថា ឲ្យតែដីមិន ជាប់ពាក់ព័ន្ធ ឬក៏នៅទំនេរសុរិយោដីស្រុក ខេត្តមានសិទ្ធិធ្វើបណ្ណកម្មសិទ្ធិយកធ្វើជា កម្មសិទ្ធិរបស់ខ្លួនបាន។ ហេតុនេះទើបទី កន្លែងដែលមានហាងឆេងដីថ្លៃគឺត្រូវពួកគាត់ដើរធ្វើប្លង់យកតែម្ដងដូចជាករណីខាងលើនេះអ៊ីចឹង ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print