ឯកឧត្តម វេង សាខុន អញ្ជើញ​ជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដែលគម្រោងនេះបានទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី លេខ៨៨៣៤។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិត បទដ្ឋានគិតយុត្តរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយស និងសិក្ខាកាមដែលជាមន្រ្តីបង្គោល ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំង២៥ ក្រោមឱវាទក្រសួង សរុបប្រមាណ២០០នាក់។

បន្ទាប់ពី ឯកឧត្តម យឹម ណុលសន បានលើមកបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម យឹម ណុលសន និងសហការី ដែលបានផ្តួចផ្តើមនិងផ្តល់ការគាំទ្ររៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរ គុណនិងការគោរពដ៏ខ្ពង់ខ្ពស់​ជូនឯកឧត្តមប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខ័ណ្ឌនៃវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីជ្រាបបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ជំរុញការកសាងលិខិតបទដ្ឋានគតិយុត្តលើគ្រប់វិស័យ ពាក់ព័ន្ធនឹងក្របខ័ណ្ឌកំណែទម្រង់វិស័យច្បាប់ សំដៅធ្វើឱ្យសមស្របទៅនឹងបរិបទសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់ និងសាកលលោក ជាពិសេសក្នុងតំបន់អាស៊ាន។

ជាមួយនឹងការរីកចម្រើននេះ ក្រសួងក៏មានសេចក្តីត្រូវការផ្នែកកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍ។ ទាក់ទងនឹងខ្លឹមសារនៃអង្គសិក្ខាសាលានាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងស្មារតីខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំលិខិតបទដ្ឋាន​គតិយុត្តមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងគោលបំណងជំរុញនិងគាំទ្រយ៉ាងពេញទំហឹងធ្វើយ៉ាងណាឲ្យវិស័យនេះមានការរីកចំរើនប្រកបដោយចីរភាព និងនិរន្តរភាព ស្របពេលដែលប្រទេសជាតិមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។

ដើម្បីពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃការតាក់តែងច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ទាំងឡាយដែលបានចូលជាធរមាន និងបន្តអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគោលការណ៍ណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ព្រមទាំងចូលរួមអនុវត្តនូវសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលាដែលមានខ្លឹមសារដូចតទៅ៖

១- នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ លើការពង្រឹងនិងជំរុញសកម្មភាពការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។ ជាមួយគ្នានេះ ត្រូវពិនិត្យលើខ្លឹមសារច្បាប់ដែលចូលជាធរមាន ដើម្បីជំរុញការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ទាំងអស់នេះឱ្យមានលក្ខណៈពេញលេញ និងស្របទៅតាមច្បាប់កំណត់។

២- គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវសិក្សានិងធ្វើគម្រោងនៃតម្រូវការសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ក្នុងអនុវិស័យរបស់ខ្លួន ដោយត្រូវធ្វើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋាននីមួយៗឱ្យបានសុក្រឹត ហើយត្រូវធ្វើជាបន្ទាន់ស្របតាមតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន។

៣- រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នាយកដ្ឋាននីតិកម្មកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម ត្រូវរៀបចំបង្កើតក្រុមការងារបង្គោលសម្រាប់វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស កសាងសមត្ថភាព សំដៅពង្រឹងការទទួលខុសត្រូវខ្ពស់ លើកិច្ចការនីតិកម្មរបស់អង្គភាពសាមី។

៤- ក្រុមការងារ ត្រូវសហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រៀបចំធ្វើការបណ្តុះ បណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋាន គតិយុត្តប្រចាំអង្គភាព និងជួយសម្របសម្រួលលើដំណើរការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិ យុត្ត របស់ក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព ៕

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print