ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើមឈើនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេ ញមាន ប្រមាណ៦ម៉ឺនដើម ដែលបានចុះបញ្ជីរអាំងវ៉ុងទែរត្រឹមត្រូវ ប៉ុន្តែដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចសុខភាពដើមឈើផងនោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំបង្កើតក្រុមការងារជំនាញ ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ និងខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើការត្រួត ពិនិត្យទាំងគុណភាព អាយុកាល និងសុវត្ថិភាព ធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមាន សោភ័ណ ភាពបៃតង និងកាត់បន្ថយឧស្ម័នពុល ឬទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។
លោក ឃួ ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ គម្រោងការបង្កើត ក្រុមការងារជំនាញ ត្រួតពិនិត្យគុណភាពដើមឈើនេះ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ មិថុនា ២០១៨។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង អគារខ្ពស់ៗ ក៏ដូចបុរី និងសំណង់នានាមានការកើនឡើង គួរឲ្យមោទនៈ។ ចំពោះការគិតគូរអំពីសេដ្ឋកិច្ច រាជធានីភ្នំពេញ ក៏មានទិសដៅក្នងការរៀបចំឲ្យមានលំហរ បៃតង និងការគិតគូរអំពីបញ្ហាសុវត្ថិភាពឲ្យស្របគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ចផងដែរ។
ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីជំនាញពាក់ពន្ធ័ ត្រូវពិភាក្សាគ្នា អំពីបញ្ហាលំហបៃតង ជាពិសេសចង់សំដៅ ទៅលើដើមឈើតែម្តង។ លោកបន្តថា ៖ រដូវវស្សាបានចូលមកដល់ ជាក់ស្តែងថ្មីៗកន្លងមកនេះ ក៏មានបញ្ហាឧប្បទ្ទវហេតុមួយចំនួននៃការដួលរលំដើមឈើ ដែលភាគច្រើនបានកើតចេញពីអាយុកាល ភាពចាស់រិចរិល និងចាស់ទ្រុឌទ្រោមនៃដើមឈើ មិនអាចទទួលរងនៃកម្លាំងសម្ពាធខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យដើមឈើដួលរលំតែម្តង។
លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ៖ តាមរយៈការពិភាក្សាយ៉ាង ល្អិតល្អន់នេះ អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវទិសដៅមួយចំនួនតម្រូវឲ្យមន្ទីរចំនួនពីរដែលជា សេនាធិការឲ្យរដ្ឋបាលរាជធានីភ្នំពេញ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពសួនច្បារ និងរុក្ខជាតិ ជាចំណុះ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលមាន ខណ្ឌរដ្ឋបាលព្រៃឈើជាចំណុះ ត្រូវរួមគ្នាបង្កើតក្រុមការងារមួយសម្រាប់ចុះពិនិត្យវាយតម្លៃអំពីគុណភាព ស្ថានភាពនៃដើមឈើដែលមាន និងលើកជាគម្រោង ដើម្បីធ្វើការរៀបចំកែលម្អឡើងវិញ។
ឧទាហរណ៍បើសិនជាដើមឈើណាមានសភាពចាស់ទ្រុឌទ្រោមខ្លាំងត្រូវទាមទាឲ្យកាប់ចេញ នៅមុនពេលដែលបាក់រលំ ឬដួលដែលបង្កជាឧប្បទ្ទវហេតុផ្សេងៗទៅលើទ្រព្យសម្បត្តិ ឬអាយុជីវិតផងនោះ យើងត្រូវតែដកចេញ និងទីតាំងខ្លះទៀតដែលទាមទារឲ្យមានការថែបំប៉នឲ្យដើមឈើនោះឲ្យបានល្អ ឬលះមែកជាដើម ហើយកិច្ចការបន្តការងារនេះត្រូវដាំដើមឈើ ដើម្បីពង្រីកតំបន់ពណ៌បៃតងឲ្យ មានច្រើនថែមទៀត។
សូមបញ្ជាក់ថា៖ កាលពីពេលកន្លងមក អាជ្ញាធរភ្នំពេញធ្លាប់បានលើកឡើងថាដើមឈើនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញមានប្រមាណ៦ម៉ឺនដើម ដែលបានចុះបញ្ជីរអាំងវ៉ុងទែរ ត្រឹមត្រូវ ដោយអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអភិរក្ស និងរក្សាមិនឲ្យបាត់បង់ឡើយ គឺមានតែជុំរុញ ការដាំថ្មីបន្ថែមទៀត ដើម្បីធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពបៃតង និងកាត់បន្ថយឧស្ម័ន ពុល ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
អាជ្ញាធរនេះក៏ធ្លាប់បានព្រមានថា សាលារាជធានីភ្នំពេញ នឹងមិនលើកលែងទោសឲ្យជនណាដែលកាប់បំផ្លាញដើមឈើ សាធារណៈរបស់រដ្ឋស្រេចតែចិត្តខ្លួនឯងបានទេ គឺត្រូវតែទទួលទោសតែម្តង ហើយអាជ្ញាធរ នឹងស្វែងរកដីទំនេរមួយកន្លែង ដើម្បីបង្កើតជាសួនដាំកូនឈើ បង្កើនការដាំដុះ នៅរាជធានីភ្នំពេញឲ្យបានច្រើនបន្ថែមទៀត៕ ដោយ៖ សំរិត