ក្លិបមរតកយុទ្ធគុនខ្មែរក្លាយជាកន្លែងទីតាំងបនល្បែងស៊ីសងដ៏ធំនៅសង្កាត់ច្រាំងចំរេះទី១

ចែករំលែក៖

ភ្នំពេញ៖ គេពុំទាន់ដឹងថា គណៈបញ្ជាការឯកភាពរបស់ខណ្ឌលោក ជា ពិសី បានដឹងឬទេ ជុំវិញសកម្មភាពបនល្បែងស៊ីសង ខណៈម្ចាស់ក្លិបមរតកយុទ្ធគុនខ្មែរ លោកគ្រូប្រដាល់ ម៉ាត សារ៉ន បានយកក្លិបរបស់ខ្លួនធ្វើជាទីតាំងបើកបនល្បែងស៊ីសង ។

គេបានបញ្ជាក់យ៉ាងលម្អិតថា នៅក្នុងក្លិបមរតកយុទ្ធគុនខ្មែរ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានការបើកបនល្បែងស៊ីសងដូចជា ល្បែងខ្លាឃ្លោកចាក់ភ្នាល់តាមកញ្ចក់ទូរទស្សន៍ ល្បែងបញ្ជល់មាន់ចាក់ភ្នាល់តាមទូរទស្សន៍ ក្នុងនោះ ចំពោះល្បែងប្រភេទខ្លាឃ្លោកដែលចាក់ស៊ីសងតាមកញ្ចក់ទូរទស្សន៍ ជារៀងរាល់ថ្ងៃចាប់ផ្តើមដំណើរការ ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ដោយឡែកចំពោះល្បែងបញ្ជល់មាន់ភ្នាល់តាមទូរទស្សន៍ ដំណើរការចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១២យប់ ឬពេលខ្លះមានម៉ោង២រំលងអធ្រាត្រ និងទើសភ្លឺក៏មានដែរ ។

ក្នុងមួយថ្ងៃៗ មានអ្នកចូលទៅចាក់ភ្នាល់ប្រមាណជាជាង១០០នាក់ មានទាំងមន្ត្រីរាជការ សមត្ថកិច្ចផងដែរ ចំពោះករណីភ្នាល់ចាក់ខ្លាឃ្លោក និងជល់មាន់ តាមកញ្ចក់ទូរទស្សន៍នេះ បើមាន់វិញក្នុងមួយគូៗ មានទឹកប្រាក់ចាប់ពី២លានរៀលឡើងទៅ រហូតដល់៥លានរៀល ឬ១០លានរៀល។ បើករណីចាក់ខ្លាឃ្លោកតាមកញ្ចក់ទូរទស្សន៍នេះ ចាក់នៅលើតុ ចាប់ពីម្នាក់៥ម៉ឺនរៀល ទៅរាប់លានរៀល ក្នុងនោះ ក្រុមអ្នកញៀនល្បែងដ៏ប្រសេកប្រសាច តែងតែបង្កើតនូវបរិយាកាសហ៊ោកញ្ជៀវ ឮកងរំពង នៅក្នុងដីឡូត៍នៃក្លិបមរតកនៃយុទ្ធគុនខ្មែរ ។

លោកម៉ាត់ សារ៉ន ម្ចាស់ក្លិប ក្នុងមួយថ្ងៃៗ ទទួលបានចំណូលពីការតុង សល់រាប់លានរៀល ។ នេះគិតអំពីការទូទាត់ទៅលើសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់រួចរាល់ ។

ស្ត្រីម្នាក់វ័យជាង៤០ឆ្នាំ បាននិយាយប្រាប់អង្គភាពនគរវត្តទាំងទឹកភ្នែករលីងរលោងថា ប្តីរបស់ខ្លួនញៀនងប់ងល់នឹងល្បែងស៊ីសងនេះ អស់ហើយទ្រព្យសម្បត្តិ ផ្ទះសម្បែង ជំពាក់អ្នកដទៃវ័ណ្ឌក ក្នុងនោះសូម្បីតែមធ្យោបាយកូនទៅរៀនក៏គ្មានម៉ូតូជិះ ដោយសារតែលោកប្តីយកប្រាក់​និងទ្រព្យសម្បត្តិមកបំផ្លាញនៅទីតាំងបនល្បែងក្លិបមរតកយុទ្ធគុនខ្មែរនេះ ។ អ្នកស្រីបន្តថា ទាំងរូបអ្នកស្រីផ្ទាល់ក៏ដូចស្ត្រីដទៃផ្សេងទៀត ធ្លាប់បានទៅប្តឹងដោយផ្ទាល់មាត់ដល់សមត្ថកិច្ចមូលដ្ឋាន មិនតិចជាង៤ដងនោះទេ ប៉ុន្តែពួកគាត់មិនអើពើ មិនរវីរវល់ យកចិត្តទុកដាក់បង្ក្រាប អនុវត្តតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនោះឡើយ ។

ប្រជាពលរដ្ឋនៅម្តុំទីនោះបានបញ្ជាក់ថា បនល្បែងក្នុងក្លិបមរតកយុទ្ធគុនខ្មែររបស់លោកម៉ាត់ សារ៉ន ស្ថិតនៅមិនឆ្ងាយកន្លែងស្នាក់ការប៉ុស្តិ៍ច្រាំងចំរេះ១នោះទេ ហើយក៏ពួកគាត់លេចឮតាមៗគ្នាថា មេប៉ុស្តិ៍ច្រាំងចំរេះ១ មិនមានវិធានការបង្ក្រាប ដោយសារតែមានភាគហ៊ុនជាមួយមេខ្លាឃ្លោក និងមេបើកបញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ។ បើទោះបីជាមានការលើកឡើងបែបនេះក៏ដោយ អង្គភាពនគរវត្តមិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេពីលោកមេប៉ុស្តិ៍ច្រាំងចំរេះ១ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។

ដោយឡែក លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឫស្សីកែវ តាមទូរស័ព្ទបានប្រាប់អង្គភាពនគរ ដ្រេហ្គនយ៉ាងដូច្នេះថា ខ្ញុំដូចជាពុំទាន់បានដឹងរឿងនេះទេ ហើយទីតាំងនៅចំណុចណានោះ ខ្ញុំនឹងឲ្យមន្ត្រីរបស់ខ្ញុំចុះពិនិត្យជាក់ស្តែង និងឈានដល់ការបង្ក្រាប ខណៈ​ជាអំពើល្មើសច្បាប់ ហើយលោកក៏បានអរគុណផងដែរ ចំពោះការផ្តល់ព័ត៌មានជុំវិញសកម្មភាពបនល្បែងស៊ីសង ដើម្បីលុបបំបាត់ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

គួររំលឹកផងដែរ ទីតាំងបនល្បែងទាំងនេះនៅក្នុងក្លិបមរតកយុទ្ធគុនខ្មែរ បើអ្នកមានលុយចាក់មាន់មួយគូត្រឹម៣លានទៅ៥លានរៀល មានឱកាសបានអង្គុយនៅកៀកនឹងកញ្ចក់ទូរទស្សន៍ បើក្រុមចាក់លុយតិចតួច ដែលគេហៅថា ក្រុមសណ្តែកដី ចាក់ខ្លាឃ្លោក និងចាក់មាន់ ត្រឹមម្តង៣ទៅ៤ម៉ឺនរៀល គឺនៅខាងក្រោយឆ្ងាយពីកញ្ចក់ទូរទស្សន៍ ឈរអឺតមើលស្ទើរតែសណ្តកកទៅហើយ ខណៈទីតាំងនេះ មានមនុស្សញៀនល្បែងចូលលេងច្រើនក្នុងមួយថ្ងៃចាប់ពីជាង១០០នាក់ឡើង ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសំណូមពរឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មានវិធានការបង្ក្រាប បនល្បែងទាំងនេះផង ពីព្រោះមិនត្រឹមតែប្រជាពលរដ្ឋក្នុងមូលដ្ឋាន វិនាសអន្តរាយទ្រព្យសម្បត្តិ ឈ្លោះទាស់ទែងប្តីប្រពន្ធប៉ុណ្ណោះទេ ពួកគាត់ថែមទាំងព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងអសន្តិសុខក្នុងសង្គម ដែលកើតមានឡើងដូចជា អំពើលួចឆក់ប្លន់ កាប់សម្លាប់ និងហិង្សាណាមួយ ពីព្រោះបទល្មើស វាបានផ្តើមចេញអំពីបនល្បែងស៊ីសងនេះតែម្តង ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print