ភ្នំពេញ ៖ មនុស្ស៦នាក់ និងឯកសារបញ្ជីឈ្មោះ គ្រឿងបំពាក់ សម្ភារអាវុធហត្ថមួយចំនួន និងម៉ូតូ៣គ្រឿង ត្រូវបានចាប់និងឃាត់ខ្លួន បន្ទាប់ពួកគេបានធ្វើសកម្មភាពជ្រើសរើសកម្លាំងប្រដាប់អាវុធ ។ ពួកគេត្រូវចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹក ល្អក់៣ ខណ្ឌទួលគោក ពីបទជ្រើសរើសប្រជាពលរដ្ឋឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់ ។
ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមអយ្យការតុលាការយោធា ជនទាំង៦នាក់ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអាវុធហត្ថ រាជធានីភ្នំពេញ និងស្នងការយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ។
របាយការណ៍របស់កងរាជអាវុធហត្ថបានបង្ហាញឈ្មោះជនសង្ស័យដូចខាងក្រោម ៖
១-ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង
២-ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
៣-ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ
៤-ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ
៥-ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ
៦-ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ឯកសារបញ្ជីឈ្មោះ, គ្រឿងបំពាក់ សម្ភារអាវុធហត្ថមួយចំនួន និងម៉ូតូ៣គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕