សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និសីទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃព្រហស្បតិ៍៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន(ASEAN MRA-TP) ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។

វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាមាសបៃតង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតប្រាក់ចំណូល​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។​ នៅក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់អត្តសញ្ញាណស្អាត​ និងបៃតងដោយផ្អែកលើគោលការណ៍នៃនិរន្តភាព​ និងទំនួលខុសត្រូវដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍​ និងអភិរក្សជាគោលគំនិតនៃគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់ខ្លួន។

ក្នុងឆ្នាំ ២០១៧ ពិភពលោកទាំងមូលបានទទួលស្វាគមន៍ទេសចរអន្តរជាតិ ១៣០០​លាននាក់​ក្នុងអត្រាកំណើន​៧%។​​ គេរំពឹងថាចំនួនភ្ញៀវទេសចរណ៍ពិភពលោកនឹងកើនឡើងដល់ ១,៤ពាន់លាននាក់នៅត្រឹមឆ្នាំ ២០២០ និង ១,៨ពាន់លាននាក់នៅឆ្នាំ ២០៣០ ។ នៅក្នុងតំបន់អាស៊ានទាំងមូល​នៅឆ្នាំ​២០១៧​គឺទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ១២៥ លាននាក់ គឺកើនឡើង​ ៨,៤%​ ជាចំនួនដែលបានព្យាករណ៍ទុក។

សម្រាប់វិស័យទេសចរណ៍កម្ពុជាក៏មានការរីកចម្រើនផងដែរ​នៅឆ្នាំ ២០១៧​គឺយើងទទួល ៥,៦ លាននាក់​ក្នុងអត្រា១១,៨%។​ ​​នៅឆ្នាំ​២០២០​ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៧លាននាក់, ហើយនៅឆ្នាំ២០២៥ នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១០លាននាក់ និងនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ១៥លាននាក់ផងដែរ។

សមិទ្ធផលទាំងអស់នេះបានមកពីគោលនយោបាយឈ្នះ – ឈ្នះដែលបានជួយឱ្យប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ជាមួយនឹងការបង្រួបបង្រួមជាតិ ឯកភាពជាតិ​និងទឹកដី និងសន្តិសុខពេញផ្ទៃប្រទេស។

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរដោយសេរីនៅគ្រប់ទីកន្លែងដោយគ្មានការភិតភ័យ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានផ្សារភ្ជាប់គ្នាហើយភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។​ ជាមួយនឹងភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងអង្គការក្នុងតំបន់​ និងអន្តរជាតិដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ពិភពលោកសន្តិសុខនិងភាពរុងរឿង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដូចជា៖

១)ត្រូវយកចិត្តទុកដាក់ចំពោះនិន្នាការវិទ្យាសាស្រ្ត​ និងបច្ចកវិទ្យានាពេលបច្ចុប្បន្នជាពិសេសការបដិវត្ដន៍ឧស្សាហកម្ម ៤.០ និងការអភិវឌ្ឍន៍ចំនុចសិប្បកម្ម សិប្បនិម្មិត កន្លែងស្នាក់នៅ, និងការដឹកជញ្ជូន។​ ក្នុងន័យនេះយើងគួរតែធ្វើឱ្យបានច្រើនដើម្បីចែករំលែកបទពិសោធន៍និងរឿងរ៉ាវជោគជ័យដើម្បីរៀបចំធនធានមនុស្សឱ្យបានល្អប្រសើរ។

២)ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានគឺជាយន្តការមួយសម្រាប់កែលម្អប្រព័ន្ធបណ្តុះបណ្តាលជំនាញទេសចរណ៍ដែលរួមចំណែកដល់ការកាត់បន្ថយចំណេះដឹង​ និងភាពខុសគ្នារវាងអ្នកជំនាញទេសចរណ៍នៅក្នុងតំបន់ដោយជួយសម្រួលដល់ការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញនៅក្នុងប្រទេសជាសមាជិក។​ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ធនាគារឯកទេសឯកជនទាំងអស់ត្រូវមានកម្មវិធីផ្តល់ប្រាក់កម្ចីទាបសម្រាប់អ្នកវិនិយោគលើវិស័យទេសចរណ៍ពិសេសផ្តល់ប្រាក់កម្ចីដល់និស្សិតសម្រាប់ប្រើប្រាស់ក្នុងការសិក្សាផងដែរ។

៣)ជំរុញបន្ថែមទៀតដើម្បីបង្កើតយន្តការមួយសម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនូវបទពិសោធផ្អែកលើគុណភាព​ និងក្របខ័ណ្ឌច្បាប់នៃប្រទេសនិមួយៗ។​ ទន្ទឹមនឹងនេះដែរសម្តេចតេជោសូមស្នើឱ្យថ្នាក់ដឹកនាំទេសចរណ៍អាស៊ានពិចារណាលើការបន្ថែមជំនាញទេសចរណ៍បន្ថែមទៀតទៅឱ្យកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈដែលបច្ចុប្បន្ន នេះមានជំនាញត្រឹមតែ៣២ប៉ុណ្ណោះ។

៤)វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាសកលថាជាវិស័យមួយដែលមានការចូលរួមចំណែកដោយផ្ទាល់និងដោយប្រយោលដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។សម្តេចតេជោនាយករដ្ឋមន្ត្រីសូមអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍អង្គការជាតិនិងអន្តរជាតិទាំងអស់ចូលរួមដើម្បីគាំទ្រដល់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងគោលបំណងសម្រេចគោលដៅទាំងនោះ។

សម្តេតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២ នេះ ដែលបានផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍរួមគ្នានៃអ្នកជំនាញទេសចរណ៍របស់អាស៊ានដើម្បីលើកកម្ពស់ការងារ​ និងអ្នកជំនាញនៅក្នុងតំបន់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពនិងទប់ស្កាត់រាល់ផលវិបាកអវិជ្ជមានដើម្បីធានាសន្តិភាព​ ស្ថិរភាពការអភិវឌ្ឍ​ និងវិបុលភាពនៅក្នុងអាស៊ាន ។

មុននឹងប្រកាសបិទសន្និសីទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់អង្គសន្និសីទអន្តរជាតិ ភ្ញៀវជាតិ និងអន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមជួបប្រទៈតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print