សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺរកឃើញឡេលាបសាច់ និងទំនិញគ្មានគុណភាពជាច្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណ:គ្រប់គ្រងផ្សារ នាព្រឹក ថ្ងៃ សុក្រ ១០ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨បានចុះអង្កេតតាមទីផ្សារស្ថិតក្នុងស្រុកសំរោងទង មាន ផ្សារព្រៃផ្តៅ ផ្សារត្រពាំងអំពិល និង ផ្សារសាមគ្គី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់មួយចំនួនដែលហួសសុពលភាពប្រើប្រាស់ និងខូចគុណភាព។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនៅផ្សារខាងលើនេះជាលទ្ធផលសមត្ថកិច្ច បានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖ – ទឹកក្រូច ចំណុះ ១ លីត្រ ចំនួន ៣ ដប– នំចម្រុះ ៣ គីឡូក្រាម– ឡេលាបឲ្យសក្នុងរយ:ពេលខ្លី ( មេឡា ) ១ ធុង ចំណុះ ៥ គីឡូក្រាមនិងមៀនកំប៉ុង ចំណុះ ៥០០ ក្រាម ចំនួន ៤ កំប៉ុងសរុបចំនួន ១៣ គីឡូក្រាម ។

ក្នុងនោះក្រុមការងារក៏បានចុះដល់ទីតាំងសិប្បកម្មកែច្នៃស្ករត្នោតចំនួន ១ ទីតាំង ជាលទ្ធផលបង្ហាញថា សង្ស័យមានប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ដើម្បីធ្វើឲ្យមានពណ៌ស រួមទាំងពុំមានអនាម័យត្រឹមត្រូវផងដែរ ។ក្នុងករណីនេះ ក្រុមការងារក៏បានដកយកគំរូដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើពិសោធន៍ឲ្យបានជាក់ច្បាស់ ។

បន្ទាប់មក ពេលរសៀល ក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅអនុវិទ្យាល័យ ម្រុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណ:គ្រប់គ្រងសាលា សរុបជាង ១០០ នាក់ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ២៥០ ផ្ទាំង ។

ជាចុងក្រោយ ពេលល្ងាច ក្រុមការងារក៏បានបន្តចុះតាមដានតម្លៃប្រេងឥន្ធន:ដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៍មួយចំនួនក្នុងទីរួមខេត្ត ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយគឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តែក្នុងនោះក៏មានស្ថានីយមួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងផងដែរ ៕សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print