លិខិតមិត្តអ្នកអាន៖ គង់ គាំ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ រីឯ សម រង្ស៊ី បំផ្លាញប្រជាធិបតេយ្យ?

ចែករំលែក៖

នៅពេលនេះ ប្រជាពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ថា តើនរណាជាអ្នកលើកតម្កើងប្រជាធិបតេយ្យ និង នរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យពិតប្រាកដ! មិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជន កម្ពុជា មិនមែនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជនបរទេស និងក្រុមខ្មែរលក់ខ្លួនមួយក្តាប់តូចតែងតែ ចោទប្រកាន់មួលបង្កាច់សព្វបែបយ៉ាង មិនមែនជាគណបក្សផ្សេងៗទៀត ដែលត្រូវបានក្រុមអ្នកនយោបាយ ប្រឆាំងចោទប្រកាន់ថាជាគណបក្សតូច ជាគ្រឿងលម្អសម្រាប់គណបក្សប្រជាជនកម្ពុជា និងជាគណបក្សអាប ឡើយ។

ក្រុមអ្នកនយោបាយ ទាំងនេះបាននាំគ្នាលើកស្ទួយសិទ្ធិប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងជំរុញ ឱ្យប្រជាពករដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់នានាដែលមានជាធរមាន។ សូម្បីតែលោក គង់ គាំ មនុស្សស្និទ្ធនឹងសម រង្ស៊ី ក៏មានគោលជំហរខុសគ្នា ព្រមទាំងបានរិះគន់ សម រង្ស៊ី តាមប្រព័ន្ធ ផ្សព្វផ្សាយសារព័ត៌មាន ដែលមិនឱ្យពលរដ្ឋទៅបោះឆ្នោត និងបានជំរុញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតទៅតាម ការអំពាវនាវរបស់ព្រះមហា ក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះកំពុងគង់ព្យាបាល ជំងឺនៅក្រៅប្រទេស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ។

តាមពិត អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺក្រុមជនបរទេសដែលកំពុងតែគាំទ្របុព្វហេតុ បំផ្លាញសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលធ្វើឡើងដោយ មេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី និងគូកន។ ពួកគេបានដើរបញ្ច្រាស់នឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគេ ហើយការបោះឆ្នោត គឺជាផ្នែកមួយនៃការគោរព និងអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

នៅពេលដែលក្រុមអ្នកនយោបាយរត់ចោលស្រុកដូចជា សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋមិនទៅបោះឆ្នោត តើចំណុចណាដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ? សម រង្ស៊ី ពិតជាវង្វេងកាន់តែខ្លាំង និងបាត់បង់នូវចំណេះដឹងក្នុងច្បាប់ខ្មែរ លទ្ធិប្រជាធិបតេយ្យខ្មែរ ព្រោះជាប់រវល់នឹង ការញុះញង់ឱនក្បាលបម្រើផលប្រយោជន៍បរទេសនិងធ្វើតាមខ្សែញាក់បរទេស។

ទង្វើក្បត់ជាតិ និងបំផ្លាញ លទ្ធិប្រជាធិបតេយ្យរបស់ សម រង្ស៊ី មិនត្រឹមតែទទួលបានថ្កោលទោសពីក្រុមអ្នកគាំទ្រសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យទេ សូម្បីក្រុមអ្នកនយោបាយប្រឆាំងគ្នាឯងជាពិសេសក្រុមលោក គង់ គាំ និងលោក កឹម សុខា ក៏បានរិះគន់យុទ្ធសាស្ត្រនយោបាយបែបឆ្កួតលេលារបស់ សម រង្ស៊ី នេះដែរ។

ទណ្ឌិត សម រង្ស៊ី តែងតែងប្រកាសអះអាងខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យស្មោះត្រង់ចំពោះជាតិ ប៉ុន្តែតាមពិត សម រង្ស៊ី និងគូកនគឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងជាឧទ្ទាមខុសច្បាប់។ សម រង្ស៊ី និង ក្រុមខ្លួន កំពុងតែអនុវត្តនយោបាយប្រជាភិថុតិដែលមានន័យថាលួង លោម បោកប្រាស់ និងភូតកុហកប្រជាជន តាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះ ឆ្នោត និងបោកប្រាស់ភូតកហុក តាមទិសស្លោក បំភ្លៃ បំភ័ន្ត បំប៉ោង និងបំផ្លើស។ ជាមួយគ្នានេះ សម រង្ស៊ី និងគូកន ក៏បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម ដែលមានន័យថា ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និង ប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។

ទាំងនេះ គឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើ ឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពកលរដ្ឋបច្ចុប្បន្ន ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះនឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរ ចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

អ្វីដែលជនបរទេស និងក្រុមជនជាតិខ្មែរលក់ខ្លួនមួយចំនួន រួមមាន សម រង្ស៊ី បំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅកម្ពុជា មិនត្រូវបានរិះគន់ណាមួយពីក្រុមជនបរទេស ឬអ្នកនយោបាយប្រឆាំងរបស់ប្រទេស មួយចំនួនរាប់ទាំងក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន រួមមានអង្គការខុមហ្វ្រែល និងអង្គការអាន់ហ្វ្រែល របស់ គល់ បញ្ញា អង្គការនិកហ្វិក ឬអង្គរលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ ប្រេដ អាដាម ឡើយ។ ប៉ុន្តែក្រុមទាំងនេះបែរជារិះគន់អ្នកការពារសន្តិភាព និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ទៅវិញ។

នេះគឺដោយសារតែជនបរទេស និងសម រង្ស៊ី គឺជាក្រុមដែលខ្លួនតែងតែធ្វើគ្រប់សកម្មភាពដើម្បី គាំទ្រ បន្ថែមពីនេះក្រុមសង្គមស៊ីវិលទាំងនេះក៏បានចូលរួមឃុបឃិតបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយ បានធ្វើជាអ្នកនាំំពាក្យក្រុមអ្នកនយោបាយប្រឆាំងបន្ទរការរារាំងប្រជាពលរដ្ឋកុំទៅបោះឆ្នោត អនុវត្តសិទ្ធិស្រប ច្បាប់របស់ខ្លួន។

ក្រុមសង្គមស៊ីវិលលម្អៀងរកក្រុមជនក្បត់ជាតិទាំង នេះបានព្យាយាមធ្វើគ្រប់សកម្មភាព ដើម្បី គាំទ្រ និងចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានេះដែលផ្ទុយពីតួនាទីរបស់អង្គការសង្គមស៊ីវិល ដែលធ្វើ សកម្មភាពដោយអព្យាក្រឹត្យ និងមិនបម្រើនយោបាយក្រុមឬបក្សណាមួយឡើយ។ ប៉ុន្តែស្ថានភាពជាក់ស្តែង គល់ បញ្ញា ក៏ដូចជាប្រេដ អាដាម បំពានច្បាប់ទាំងនេះ។

ជារួម អ្វីដែល សម រង្ស៊ី និងគូកនរបស់ខ្លួនបាននិងកំពុងធ្វើសកម្មភាពនៅក្រៅប្រទេសដើម្បីបំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសងសឹកនយោបាយក្រោយពីខ្លួនបានបរាជជ័យលើគ្រប់ សមរភូមិ ក្នុងការស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ។ ប៉ុន្តែ សម រង្ស៊ី ត្រូវដឹងថាប្រជាពលរដ្ឋ ខ្មែរមិនបន្តដេកឱបខ្មោចបក្សក្បត់ជាតិរបស់ខ្លួនឡើយ ហើយក៏មិននែបនិត្យជាមួយចលនាឧទ្ទាមខុសច្បាប់ ដែលប៉ុនប៉ងស្នងរូបខ្មោចដែលស្លាប់ទៅហើយដែរ។

សម រង្ស៊ី និងក្រុមជ្រុលនិយមមួយក្តាប់តូចបាន និងកំពុង ដើរលើផ្លូវខុស និងកំពុងឯកោនៅក្នុងសមរភូមិនយោបាយព្រោះគ្មាននរណាគាំទ្រខ្លួន ដែលជាអ្នកបំផ្លាញ ប្រជាធិបតេយ្យទេ ហើយសូម្បីតែ គង់ គាំ ដែលជាមនុស្សស្និទ្ធនឹងខ្លួនក៏មិនអាចអត់ទ្រាំបានចេញមករិះគន់ ខ្លួនយ៉ាងចាស់ដៃដែរ។ បើខ្លួនគិតខុស ធ្វើខុសបំផ្លាញប្រជាធិបតេយ្យ សូម សម រង្ស៊ី និងចៅហ្វាយនាយបរទេស កុំទាញឱ្យមនុស្សផ្សេងទៀតលិចលង់ ដើរលើផ្លូវល្មើសច្បាប់ជាមួយខ្លួន៕

...

ដោយ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៨

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print