ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកស្នួល បានធ្វើការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនតូចនិងធំ២នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានឲ្យដឹងថា ក្រៅពីជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស មួយចំនួនធំទៀត ក៏ត្រូវបានចាប់ដកហូត។
លោកបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ស៊ិន លិ អាយុ៤០ឆ្នាំ និងទី២.ឈ្មោះ រុន ប៊ុនថន អាយុ៣៤ឆ្នាំ ពួកគេទាំង២នាក់ រស់នៅឃុំស្នួល ស្រុកស្នួល។
លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបព្ជាក់ថា ដោយអនុវត្តតាមស្មារតីណែនាំ និងតាមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកនៅតែបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតលើជនជាមុខសញ្ញាគ្រឿងញៀនតូច និងធំផ្សេងទៀតដើម្បីឈានដល់ធ្វើការបង្រ្កាបចាប់ខ្លួន ៕ នគរដ្រេហ្គន