កណ្ដាល ៖ ទំនាស់ដីធ្លីមួយបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ ដែលម្ចាស់ដីស្របច្បាប់៦គ្រួសារទទូចសុំឱ្យរដ្ឋបាលខេត្តកណ្ដាល មេត្តាពន្លឿននីតិវិធីឱ្យបានឆាប់រហ័សផង កុំផ្អឹបបណ្ដឹងចោលគ្មានចម្លើយបែបនេះ ។
ស្កាត់ជួបអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែមិថុនា នេះ ម្ចាស់ដីស្របច្បាប់ទាំង០៦គ្រួសារដែលមានវ័យចំណាស់ទៅហើយ បានបង្ហាញឯកសារជាច្រើន ដើម្បីពាំនាំខ្លឹមសារទាំងនេះជូនរដ្ឋបាលខេត្តកណ្ដាល ឱ្យបានជ្រាប ។
ពាក្យបណ្ដឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ជម្រាបជូនលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល មានកម្មវត្ថុ ប្តឹងពីឈ្មោះម៊ិញ សុផាត ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៤១៧ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានយកសាលក្រមនិងសាលដីកា របស់តុលាការ មានភាពមិនច្បាស់លាស់អំពីព្រំប្រទល់ ការវិវាទនិងកម្មវត្ថុ យកមកអះអាងលើដីរបស់យើងខ្ញុំថា ជាដីរបស់ខ្លួន និង ស្នើសុំលោកអភិបាល ជួយសម្រួលឱ្យយើងខ្ញុំទាំងអស់គ្នា បានទទួលប័ណ្ណកម្មសិទ្ធិស្របតាមច្បាប់ភូមិបាល ។
រយៈពេលជាងមួយឆ្នាំមកហើយ ដែលបណ្តឹងនេះ ស្ងាត់សូន្យឈឹងគ្មានចម្លើយពីរដ្ឋបាលខេត្តកណ្ដាល ឡើយ ។
ម្ចាស់ដីស្របទាំង៦គ្រួសារមាន ទី១៖លោក គឹម រិន អាយុ៦២ឆ្នាំ , ទី២៖ លោកស្រី គង់ ដារ៉េត អាយុ៦២ឆ្នាំ , ទី៣៖ លោក ស៊ឹម ស៊ុំ អាយុ៧០ឆ្នាំ , ទី៤៖លោក ទួន សេង អាយុ៧២ឆ្នាំ , ទី៥៖ លោក អ៊ុក ឡុង អាយុ៤៦ឆ្នាំ និង ទី៦៖ លោកស្រី ខូវ ចាន់ផូ អាយុ៦០ឆ្នាំ ។
ពួកគាត់រៀបរាប់ថា ដីធ្លីទាំងនេះគឺបានកាន់កាប់តាមរយៈការទិញលក់ពីម្ចាស់ដើម ដែលការទទួលស្គាល់ពីអាជ្ញាធរនៅឆ្នាំ១៩៩៣ ។ ដីនេះ ពួកគាត់ដាំដំណាំ និង សាងសង់ផ្ទះ គ្មាននរណាហាមឃាត់ឡើយ ។ រយៈពេល២៤ឆ្នាំក្រោយមក ទើបឈ្មោះ ម៊ិញ សុផាត ធ្វើការតវ៉ា ដីដែលយើងខ្ញុំរស់នៅថាជាដីរបស់គាត់ទាំងអស់ ។
ម្ចាស់ដីទាំង៦គ្រួសាររៀបរាប់ទៀតថា ឈ្មោះ ម៊ិញ សុផាត បានក្លែងបន្លំឯកសារធ្វើឱ្យមានភាពអយុត្តិធម៌ ហើយមានបណ្តឹងជារឿងព្រហ្មទណ្ឌប្តឹងចាប់ជនល្មើសខ្យល់គ្មានសាវតារជាតិច្បាស់លាស់ ។ ពួកគាត់ សំណូមពរលោកបណ្ឌិតអភិបាលខេត្តកណ្ដាល ជួយរកយុត្តិធម៌និងជួយសម្រួលឱ្យយើងខ្ញុំទាំងអស់គ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធិស្របតាមតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ថា “ដីដែលប្រជាជនបានកាន់កាប់កន្លងមក ត្រូវផ្តល់កម្មសិទ្ធិជូនគាត់ឱ្យស្របច្បាប់”។
ដោយឡែកសាលដីកាតុលាការកំពូល លេខ២៦០(ខ)ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សម្រេចតម្កល់សាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍លេខ២៤ក្រ៣”ណ”ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដដែល ដែលមានខ្លឹមសារថា “បញ្ជូនសំណុំរឿងរដ្ឋប្បវេណីលេខ៣៩២ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ របស់សាលាឧទ្ធរណ៍ ទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីឱ្យសាលាដំបូងខេត្តកណ្ដាល បង្គាប់ឱ្យដើមចោទកែតម្រូវចំណុចខ្វះខាត រៀបចំចំណុចវិវាទនៃរឿងក្តី កំណត់ទីតាំង និង ទំហំដីទំនាស់ឱ្យបានត្រឹមត្រូវ” ៕ ឆ ដា