ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសសិស្សសាលាម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកលឿនដូចហោះបានជ្រុលបុកសិស្សរងគ្រោះពេញទំហឹង ខណៈដែលកំពុងជិះកង់ឆ្លងថ្នល់ពីជើងទៅត្បូង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃអង្គារ៍ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥.១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំប្រាប់ថា កូនសិស្សរងគ្រោះ(ស្លាប់)ឈ្មោះ រឿន ចយ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយមុនពេលកើតហេតុគេឃើញក្មេងរងគ្រោះជិះកង់ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត រួចបត់ឆ្វេងដៃឆ្លងថ្នល់ពីត្បូងទៅជើងស្រាប់តែមានរថយន្ត ១គ្រឿងបើកបរលឿនដូចហោះក៍ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យបុើងដូចក្រដាស់ស្លាប់ភ្លាមៗតែម្ដង។
ប្រភពរាយការណ៍ខាងលើបន្តថា រថយន្តបង្កម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2J 5980 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះមកទិសខាងលិច ចំណែកអ្នកបើកបររត់គេចបាត់ សាកសពក្មេងប្រុសជាសិស្សសាលារងគ្រោះបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង ២គ្រឿងរថយន្ត និងកង់ មន្រ្តីជនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកជាបណ្ណោះអាសន្ន ដើម្បីរងចាំបន្តតាមនិតិវិធី៕ ដោយ បឹុម ពិន