តើអាមេរិកកំពុងតែប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់ជាមួយចិនមែនឬ?

ចែករំលែក៖

នៅពេលដែលចិនកាន់តែរីកចម្រើននៅក្នុងវិស័យយោធា និងទំនាក់ទំនង ការទូត ដោយប្រទេសជាច្រើនជុំវិញពិភព លោក រួមទាំងសម្ពន្ធមិត្តអាមេរិកផងបានងាកទៅប្រទេសចិន បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក។ តាំងពីដើមមកអាមេរិក បានប្រើប្រាស់ជប៉ុននិងកូរ៉េខាងត្បូង ដើម្បីដាក់ទីតាំងទាហានសម្រាប់ទប់ទល់ជា មួយចិន ។ ក្នុងពេលនេះកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងតែត្រូវរ៉ូវគ្នា។ចំណុច ទាំងនោះហើយអាចធ្វើឲ្យអាមេរិកត្រូវដកទាហានចេញពីកូរ៉េខាងត្បូង ដោយគ្មានហេតុផលអ្វីត្រូវដាក់កម្លាំងទាហានឈរ ជើងនៅទីនោះទៀតឡើយ។

ទាំងនោះហើយទើបអាមេរិក ងាកមក ជួយដល់កោះតៃវ៉ាន់ ដោយតៃវ៉ាន់គឺជា សត្រូវរបស់ចិនតែងតែរក្សាគោលបំណងប្រកាសឯករាជ្យ ចង់ផ្តាច់ខ្លួនចេញពីចិន ដីគោក។ រដ្ឋាភិបាលទីក្រុងប៉េកាំង បាន ព្រមានជាច្រើនលើកច្រើនសា ថាបើតៃ វ៉ាន់ប្រកាសឯករាជ្យនោះ នឹងទទួលរងការ វាយប្រហារជាមិនខាន។
បច្ចុប្បន្នតៃវ៉ាន់បង្កើនការទិញសព្វាវុធទំនើបៗពីអាមេរិកដើម្បីទប់ទល់ការវាយប្រហាររបស់ចិន។ ការផ្គត់ផ្គង់អាវុធរបស់អាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង ព្រោះសកម្មភាពនោះបំពាននៅនឹងច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ។

ពាក់ព័ន្ធនឹងការទិញអាវុធពីអាមេរិក កន្លងមក អាមេរិកបានលក់ មីស៊ីលប្រឆាំងរថក្រោះរហូតដល់៤៦០ដើមប្រភេទ TOW-2B ឲ្យទៅកោះតៃវ៉ាន់មិនតែប៉ុណ្ណោះតំណាងរាស្ត្រអាមេរិក មកពីគណបក្ស សាធារណរដ្ឋបានអំពាវនាវឲ្យលក់យន្តហោះចម្បាំង ប្រភេទF-35 ឲ្យកោះតៃវ៉ាន់ ទៀតផង។ ជាមួយគ្នានេះអាមេរិក បាន វាយតម្លៃពីតម្រូវការ អាវុធរបស់កោះតៃវ៉ាន់ហើយនឹងបន្តលក់ទៅកោះនេះតាមច្បាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។

សកម្មភាពខាងលើកើតឡើងក្រោយ ពេលដែល ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាមេរិក បានប្រកាសថា ការបង្រួបបង្រួម តៃវ៉ាន់ គឺមិនអាចគេចផុតបានឡើយ ហើយទីក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីបង្រួប បង្រួម ។ជាមួយគ្នានេះទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងដាច់អហង្ការ រាល់កិច្ចព្រម ព្រៀងលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការដែលអាមេរិក លក់អាវុធទៅឲ្យកោះតៃវ៉ាន គឺដើម្បីការ ពារកោះនេះ និងរក្សាសន្តិភាពស្ថិរភាព នៅលើកោះតៃវ៉ាន់ ស្របតាមបំណងរបស់រដ្ឋាភិបាលទីក្រុងតៃបិ។

ចំណែកភាគីតៃវ៉ានវិញ ប្រធានាធិបតី តៃវ៉ាន់លោកស្រី Tsai Ing-wen (កណ្តាល) ចូលរួមនៅក្នុងពិធីមួយដើម្បីផ្តើមការសាងសង់អគារទំនើបនៃក្រុមហ៊ុន Blue Magpie នៅទីក្រុង Taichung ប្រទេសតៃវ៉ាន់នៅថ្ងៃទី១មិថុនាឆ្នាំ២០១៨ ។
ប្រធានាធិបតី កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេង (Tsaï Ing-weng) បានអំពាវ នាវកាលពីថ្ងៃចន្ទ ឲ្យសហគមន៍អន្តរជាតិ ទប់ស្កាត់មហិច្ឆតាឥតព្រំដែនរបស់ប្រទេសចិន ដោយរួបរួមកម្លាំងជាមួយគ្នានៅក្នុង ការការពារសិទ្ធិសេរីភាព។ ប្រធានាធិប តីកោះតៃវ៉ាន់ ថែមទាំងចាត់ទុកមហា យក្ខចិន ជិតខាងប្រទេសខ្លួននេះ ជាការ គំរាមកំហែងមួយជាអន្តរជាតិ ដល់លទ្ធិ ប្រជាធិបតេយ្យ។

កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយរបប មួយដែលជាគូប្រជែងរបស់ប្រទេសចិនចាប់តាំងពីចប់សង្រ្គាមស៊ីវិលចិននៅឆ្នាំ ១៩៤៩ មក ស្ថិតនៅក្រោមសម្ពាធដ៏ធំធេងមកពីត្រើយម្ខាងទៀតនៃច្រកសមុទ្រ Formose(ឬ ច្រកសមុទ្រតៃវ៉ាន់)-នេះជាសេចក្តីថ្លែងរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ស្រី Tsaï Ing-weng ប្រាប់ដល់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅក្នុងកិច្ចសន្ទនាមួយ ដាច់មុខ។
ក្នុងអាយុ ៦១ឆ្នាំ លោកស្រី Tsaï Ing-weng បានអំពាវនាវសុំឲ្យប្រទេសដទៃផ្សេងទៀតរួបរួមកម្លាំងជាមួយនឹងតៃវ៉ាន់ ដើម្បីការពារប្រឆាំងនឹងបំណងវាតទីនិយមរបស់ទីក្រុងប៉េកាំងនិងក៏ដើម្បីការពារតម្លៃរួមនៃសេរីភាពផងដែរ។ ប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងទៀតថា “មហិច្ឆតារបស់ ចិន” ពុំគ្រាន់ជាបញ្ហាប្រឈមសម្រាប់តែកោះតៃវ៉ាន់មួយប៉ុណ្ណោះនោះទេ តែវាជា បញ្ហាប្រឈមសម្រាប់តំបន់និងពិភពលោកទាំងមូលផងដែរ។

ពីព្រោះនៅថ្ងៃនេះ គឺជាបញ្ហាតៃវ៉ាន់ ក៏ប៉ុន្តែនៅថ្ងៃស្អែក ប្រទេសណាមួយ ផ្សេងទៀត ក៏អាចទទួលរងនូវការប្រឈមនឹងឥទ្ធិពលវាតទីនិយមរបស់ប្រទេសចិនដែរ”។
ទន្ទឹមនេះប្រជាធិបតេយ្យសេរីភាពរបស់ពួកគេនៅក្នុងការធ្វើអាជីវកម្ម អាចនឹងត្រូវ រងនូវការប៉ះពាល់នាថ្ងៃណាមួយដោយសារឥទ្ធិពលវាតទីនិយមរបស់ចិននេះ -នេះ ជាការអះអាងបន្ថែមរបស់ប្រធានាធិបតីតៃ វ៉ាន់ដែលក៏ជាអតីតសាស្ត្រាចារ្យខាងច្បាប់ដែរ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាន រំលឹកទៀត ថា“យើងទាំងអស់គ្នា ត្រូវតែ ធ្វើការរួមគ្នា ដើម្បីបញ្ជាក់សារជាថ្មីតម្លៃនៃប្រជាធិបតេយ្យនិងសេរីភាព ដើម្បីទប់ស្កាត់ប្រទេសចិននៅក្នុងការពង្រីកឥទ្ធិពលអនុត្តរភាពនិយមរបស់ខ្លួន។

ទោះបីជាកោះតៃវ៉ាន់ មានឯករាជ្យក្តី ក៏ប៉ុន្តែប៉េកាំង ក៏មិនដែលបោះបង់ចោលជាផ្លូវការឡើយនៅក្នុងការប្រើកម្លាំងបាយដើម្បីវាយយកកោះតៃវ៉ាន់នេះមកវិញ ហើយចាប់តាំងពីលោកស្រីប្រធានាធិបតិ Tsai បានឡើងគ្រប់គ្រងកោះតៃវ៉ាន់ រយៈពេល ២ឆ្នាំកន្លងមក ប្រទេសចិន តែងតែបង្ហាញសាច់ដុំរបស់ខ្លួនកាន់តែខ្លាំង ឡើងៗដែរនៅលើបញ្ហាខាងលើនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print