ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តធុនធំពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ទាំងពីរគ្រឿង និងទៅគៀបជាប់ជាមួយដើមឈើ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងរង្វង់មូលគួរស្រូវប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញ រថយន្តហុីយ៉ាន់ដាយ ទំងន់៣តោន ដែលដឹកស៊ុមពងទា ពាក់ស្លាកលេខភ្នំពេញ 3D-8449 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហុីយ៉ាន់ដាយដូចគ្នា ទំនង់ប្រហែល៥តោន បានដឹកផ្លែឈើឡើងពេញរថយន្ត ធ្វើដំណើរពីត្បូងមកជើង (ទិសដៅបញ្ច្រាស់គ្នា) ក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រែចូលផ្លូវរថយន្តហុីយ៉ាន់ដាយ ទំងន់៣តោន ក៏បុកពីមុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងក្រឡាប់ប៉ះជើងទៅគៀបជាមួយដើមឈើថែមទៀត បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ខ្ទេចផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ រួមទាំងធ្វើឲ្យមនុស្សប្រុសស្រី៣នាក់ខាងរថយន្តហុីយ៉ាន់ទំងន់៣តោ រងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិច សួគា៌ ដឹកយកទៅសង្គ្រោះភ្លាមៗ ។ ចំណែកភាគីរថយន្តហុីយ៉ាន់ដាយទំងន់៥តោរងរបួសស្រាល ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ