ប្រជាជន៖ «តាហោ»មានចៅជាង១ម៉ឺននាក់…បើផ្ទះប្រជាជនវិញគ្មានទេដំបូលប្រក់ស្លឹក អន់បំផុតត្រឹមប្រក់ស័ង្កសីដែរ ទូទាំងស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅលើលោកនេះមានតែគុណធម៌ ឧត្ដមគតិ ទង្វើល្អ ទេពកោសល្យ ចំណេះដឹងការងារប្រកប​ដោយការទទួលខុសត្រូវ ស្គាល់ទុក្ខលំបាកដល់អ្នកដទៃ ប្រជាជន នោះហើយ ដែលត្រូវបានប្រជាពលរដ្ឋមិន​ជិនណាយ នឹងកោតសរសើរ ។ រីឯឆន្ទះនៃការ ចូលរួមកសាងសមិទ្ធផលជូនជាតិមាតុភូមិ ក៏ដូចជាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើទោះ ជា​មិនអាចវេចខ្ចប់ដឹកជញ្ជូនយកទៅវិញបានក៏ដោយ ក៏សមិទ្ធផលទាំងនេះ វាបាននៅឋិត ថេរជាកាដូជូនប្រជាជន និងបន្សល់ទុកនូវកិត្តិយស សេចក្តីថ្លៃថ្នូ សម្រាប់ខ្លួនឯង ក្រុម គ្រួសារ ក្រុមការងារ និងជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ រក្សាបាន សន្តិភាព ការអភិវឌ្ឍលើ គ្រប់វិស័យ ក្នុងក្របខណ្ឌទូទាំងប្រទេសនោះដែរ។

យ៉ាងណាមិញ ភាពទទួលខុសត្រូវនៃលោកកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមបានក្លាយជាថ្នាក់ដឹកនាំមួយរូបក្នុងជួររាជរដ្ឋាភិបាលបាន នឹងកំពុងធ្វើឲ្យប្រជាជនទាំងអស់ក្នុងមូលដ្ឋានចំនួន ១២៤ភូមិ ទាំង១១ឃុំ ក្នុងស្រុក ពញាឮ ខេត្តកណ្ដាល ថែមទាំងមិនអាចឲ្យប្រជាជនបំភ្លេចបាន។ តាមរយៈសកម្មភាព ការងារលោកកិត្តិបណ្ឌិត និងក្រុមការងាររបស់លោកចំពោះកាយវិការ យកចិត្តទុកដាក់ មកលើពួកគាត់ ទាំងការអភិវឌ្ឍមូលដ្ឋានលើគ្រប់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការគិតគូរ ខ្ពស់បំផុតមកលើការរស់នៅរបស់ប្រជាជន គឺចុះមកដល់ជាក់ៗស្តែង ទាំងការគិតគូររឿង ស្បៀងអាហារ ផ្ទះសម្បែង សុខុមាលភាពនេះជាដើម។ ក្នុងនោះសូម្បីតែប្រជាពលរដ្ឋទទួល មរណភាព ក៏លោកបានគិតគូរ ជួយចូលជាបច្ច័យ សម្ភារៈ។ ល។ ដោយមិនគិត ពីនិន្នា ការគណបក្សនយោបាយ ចំពោះប្រជាស្រលាញ់បក្សណាមួយឡើយ  ។

បច្ចប្បន្ននេះ តា«ហោ» មានចៅមិនតិចជាង១ម៉ឺននាក់ បើប្រជាជនវិញ គ្រប់ផ្ទះសម្បែង គ្មានទេដំបូលប្រក់ស្លឹក សម្រាប់ប្រជាជនទូទាំងស្រុកពញាឮ។ លោកអ៊ុំវ័យជាង៦០ឆ្នាំ អាច ជាអ្នកកាន់សីលផង មានទីលំនៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន បាននិយាយបែបនេះ ដោយ ភាសាចេញពីបេះដូងពិតៗ ស្របជាមួយនិង កាយវិការឆ្កាដៃឆ្កាជើង គាត់ទន្ទេញមិនដាច់ពី មាត់ទេ ពីការកោតសរសើរនូវសកម្មភាព តា«ហោ» (លោកកិត្តិបណ្ឌិត លឹម គានហោ) និង ក្រុមការងាររបស់គាត់ ពិតណាស់ថា គឺបានយកចិត្តទុកដាក់ចុះជួយប្រជាជនមិនគិតការ​នឿយហត់ ពេលវេលា សុទ្ធតែសកម្មភាពចុះជួយជាក់ស្ដែង  ។

លោកអ៊ុំបន្តប្រាប់អ្នកយកព័ត៌មានអង្គភាព នគរវត្ត យ៉ាងដូច្នេះទៀតថា ខ្ញុំមិនដឹងថា នៅ​ស្រុក ខេត្តផ្សេងៗខ្លះទៀត ក្រុមការងារគេបានគិតគូរប្រជាជនដូច  សម្តេចតេជោហ៊ុនសែន ឬដូចតាហោ (លោកកិត្តិបណ្ឌិត លឹម គានហោ)ទេ? តែសម្រាប់ភូមិ-ឃុំខ្ញុំ គ្មានទេផ្ទះដំបូល​ប្រក់ស្លឹក អន់បំផុតក៏មានត្រឹមផ្ទះដំបូលប្រក់សង្ក័សីដែរ។ នៅឯឃុំផ្សេងក្នុងស្រុក ពញាឮដូចជាកូនប្រសាខ្ញុំ រស់នៅឯឃុំទំនប់ធំ ក៏វាថា គ្មានផ្ទះដំបូលប្រក់ស្លឹកដែរ ផ្ទះប្រជា ជនមួយណា អន់បំផុតក៏ត្រឹមជាផ្ទះដំបូលប្រក់សង្ក័សីគ្រប់គ្នា និងមោទភាពបំផុត។

ស្ត្រីវ័យជាង៣០ឆ្នាំ ជាគ្រូបង្រៀននិងកាន់សាសនាខ្មែរអ៊ិស្លាម រស់នៅភូមិឃ្លាំងស្បែក ឃុំ   កំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ក៏បានលើកឡើងផងដែរថា តាមរយៈក្រុមការងារ ចុះជួយស្រុកពញាឮរបស់តា«ហោ» (លោកកិត្តិបណ្ឌិត លឹម គានហោ) ខ្ញុំបានឃើញដោយ  ផ្ទាល់ភ្នែកមែន ពួកគាត់ចុះជួយប្រជាជនតាមការសន្យា និងខ្លះទៀតគាត់មិនសន្យាផង ក៏ធ្វើជូនប្រជាជនដែរ ដោយពុំគិតពីប្រជាជនក្នុងមូលដ្ឋាននោះ មាននិន្នាការគាំទ្រគណបក្ស នយោបាយណាមួយទេ ។

អ្នកស្រីបានបន្តថា សូម្បីតែព្រះវិហារអ៊ិស្លាមនៅក្នុងឃុំរបស់ខ្ញុំ ពីមុន  ជាទីស្ងាត់ជ្រងំ តែបច្ចុប្បន្នជាកន្លែងគោរពនៃអ្នកកាន់សាសនាអិស្លាមដ៏សមរម្យ និងមាន បំពាក់នូវភ្លើងសូឡា (ដើរដោយពន្លឺព្រះអាទិត្យ) ទាំងព្រះវិហារអិស្លាម ទាំងទីវត្តអារាម របស់សាសនាព្រះពុទ្ធ ។ ក្នុងនោះតា«ហោ» (លោកកិត្តិបណ្ឌិត លឹម គានហោ) បានឲ្យ ក្រុមការងាររបស់គាត់ចុះជួយតាមបណ្តាភូមិ-ឃុំ ក្នុងស្រុកពញាឮទាំងមូល បំពាក់សូឡា ដើរដោយពន្លឺព្រះអាទិត្យតាមផ្លូវសាធារណៈក្នុងភូមិយ៉ាងភ្លឺ ស្ទើរតែគ្រប់ទីកន្លែង ។

អតីតយុទ្ធជន លោក ខៀវ សមា វ័យ៦០ឆ្នាំ​ រស់នៅភូមិ-ឃុំព្រែកតាទែន ជាប់មាត់ទន្លេ សាប បាននិយាយយ៉ាងដូច្នេះថា មិនត្រឹមតែ ខ្ញុំប៉ុណ្ណោះទេ ដែលត្រូវបានក្រុមការងាររបស់តា«ហោ» (លោកកិត្តិបណ្ឌិត លឹម គានហោ)ជួយ សូម្បីតែកូនៗរបស់ខ្ញុំ ពេលឆ្លងទន្លេម្តងៗ គឺទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល​សម្រាប់កូនខ្ចី ។ ដូច្នេះ ក្នុងភូមិ-ឃុំរបស់ខ្ញុំ សុទ្ធតែទទួលបានការឧបត្ថម្ភដូចនេះដូចគ្នា ហើយគោរពស្រឡាញ់ តាហោ បំផុត ។

ប្រជាពលរដ្ឋជាច្រើននាក់ទៀត រស់នៅក្នុងភូមិ-ឃុំកំពង់អុស បានរៀបរាប់ពីសមិទ្ធផលនៅ  ក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលក្រុមការងារ តាហោ បានជួយកសាង ។ ក្នុងនោះពួកគាត់ ក៏បានបញ្ជាក់ថា ក្រៅពីសមិទ្ធផលតាហោ ក៏បានជួយដល់ប្រជាជន ពេលមានទុក្ខធ្ងន់ ដូច  ជាសមាជិកក្នុងក្រុមគ្រួសារទទួលមរណភាព គឺគាត់ចូលបច្ច័យចំនួន៥ម៉ឺនរៀល និង​ឧបត្ថម្ភ​អង្ករ​១០០គីឡូក្រាម ។ ដូច្នេះ សម្រាប់ប្រជាជនក្នុងស្រុកពញាឮទាំងមូល តែងតែ  ទទួលបានការយកចិត្តទុកដាក់ពីតាហោ ជាប់ជាប្រចាំទៅលើការរស់នៅប្រចាំថ្ងៃ ដូចជា ករណីដាច់ខាតលោក មិនឲ្យប្រជាជនណាម្នាក់ដាច់ស្បៀងអាហារឡើយ។ ផ្ទះប្រជាជនទាំង អស់ក្នុងស្រុកពញាឮទាំងមូល គ្មានទេផ្ទះដំបូលប្រក់ស្លឹក គឺតាហោជួយឲ្យពួកគាត់រស់នៅ បានសមរម្យ ដោយផ្ទះដំបូលប្រក់សង្ក័សី ។ ការជួយឧបត្ថម្ភនេះ តាហោ លោកពុំគិតពី និន្នាការគណបក្សនយោបាយណាមួយទេ ។

លោកគ្រូពេទ្យម្នាក់ បម្រើការនៅមណ្ឌលសុខភាពឃុំ-ស្រុកពញាឮ ខេត្តកណ្តាល បាន  ប្រាប់អ្នកយកព័ត៌មាននគរវត្តផងដែរថា មិនថាតែរូបខ្ញុំទេ និយាយរួមទៅប្រជាពលរដ្ឋ អាច  និយាយថា នៅទូទាំងស្រុកពញាឮគាំទ្រ និងគោលគំនិតលោករដ្ឋមន្ត្រី លឹម គានហោ តាមរយៈ សកម្មភាពរបស់គាត់បានធ្វើរួចទៅហើយ និងបន្តអនុវត្តនូវការបង្កើតមូលនិធិ ជួយប្រជា ពលរដ្ឋក្នុងមូលដ្ឋានចាំបាច់ និងជាប្រចាំចំនួន២ករណី ទី១-គឺគាត់បង្កើតមូលនិធិជួយដល់ ស្ត្រីសម្រាលកូន ទៅសម្រាលនៅមន្ទីរពេទ្យបង្អែកស្រុក ទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ មិនយកប្រាក់ថ្លៃព្យាបាល ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺន រៀលថែមទៀត​ តាមរយៈការឧបត្ថម្ភស្ត្រីសម្រាលកូន បើតាមខ្ញុំដឹង តាហោ មានចៅជាង ១ម៉ឺននាក់ហើយ ក្នុងស្រុកពញាឮ។ ដោយឡែកមូលនិធីទី២-គាត់បានគិតគូរចំពោះប្រជា ពលរដ្ឋដែលទទួលមរណភាព ចូលបច្ច័យក្នុងកម្មវិធីបុណ្យចំនួន៥ម៉ឺនរៀល និងឧបត្ថម្ភ  អង្ករចំនួន១០០គីឡូក្រាម ។

លោកបានបន្តថា តាមរយៈសកម្មភាពការងាររបស់តាហោ ក្នុងនាមជាប្រធានគណៈពង្រឹងចុះ ជួយស្រុកពញាឮ គឺប្រជាពលរដ្ឋគាំទ្រគោរពស្រឡាញ់គាត់ភ្លូតទឹកភ្លូកដី និងចាត់ទុកគាត់ ជាអ្នកសម្រាលទុក្ខដ៏ធ្ងន់ឲ្យសម្តេចតេជោ ហ៊ុន សែន ដែលកំពុងគិតគូរដឹកនាំប្រទេសជាតិ  រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ។

ក្នុងនោះសម្តេចតេជោ ពិតជានឿយហត់បំផុត សឹងតែគ្មានពេលទំនេរគ្រប់គ្រាន់ជួបជុំក្រុមគ្រួសារ ការទទួលទានអាហារ ការទទួលទាន ដំណេក ។ ដូច្នេះ អ្វីដែលប្រជាជនគាំទ្រ តាហោ និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ដោយសារពួកគាត់មើលឃើញពីការដឹកនាំសម្តេចតេជោ ហ៊ុន សែន តាមរយៈ​សកម្ម​ភាព​ច្រើន​ជាងការនិយាយសន្យាភូតកុហក។ ក្នុងនោះសូម្បីតែក្រុមការងារចុះជួយ ស្រុកពញាឮក៏បានបញ្ចេញនូវសកម្មភាពយ៉ាងសស្រាក់សស្រាំ ចុះជួយពលរដ្ឋតាមគោល  នយោបាយសម្តេចតេជោ ហ៊ុន សែន ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print