នៅថ្ងៃទី៦ ខែកក្កដា កងទ័ពថៃបាន ប្រកាសថា ទាហានមុជទឹកម្នាក់បានស្លាប់ដោយសារខ្វះ អុកស៊ីហ្សែនក្នុងពេល រំដោះក្រុម កីឡាករចេញពីរូងភ្នំ ថាំលួង។
សារព័ត៌មាន Guardian បានផ្សាយថា ទាហាន SEAL របស់ថៃឈ្មោះ Samarn Kunan អាយុ៣៨ឆ្នាំ ធ្លាប់ជាសមាជិកក្រុម ពិសេស SEAL របស់ទាហានជើងទឹកថៃ។ លោកស្លាប់ដោយសារតែ ខ្វះអុកស៊ីហ្សែនក្នុងពេលដាក់បំពង់ខ្យល់នៅក្នុងរូងដែលជាផ្នែកមួយនៃសកម្មភាពត្រៀមជួយដល់ ក្រុមកីឡាករ U 16 និងគ្រូបង្វឹកម្នាក់ដែលជាប់នៅខាងក្នុង។
សាកសពរបស់លោកត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាន Suvarnabhumi នៅទីក្រុងបាងកក។ ពេលនេះកម្លាំង ទាហានពិសេស ថៃ SEAL និងគ្រូពេទ្យ ៧នាក់ រួមជាមួយគ្រូនិងសិស្ស១៣នាក់ កំពុងស្ថិតនៅក្នុងរូងភ្នំ។ លោក Samarn Kunan មិនមែនជាទាហាន SEAL របស់ ថៃទៀតឡើយ ដោយលោកបានចាកចេញ ពីក្រុម ប៉ុន្តែលោកបានស្ម័គ្រចិត្ត ទៅចូល រួមសកម្មភាព រំដោះកុមារដែលជាប់ក្នុង រូងភ្នំ។
នៅពេលនេះគេមិនទាន់ដឹងថាការស្លាប់របស់អ្នកមុជទឹកខាងលើ នឹងប៉ះពាល់ដល់សតិអារម្មណ៍ទាហានផ្សេងទៀតដែរឬទេ ក្នុងពេល កំពុងតែខិតខំបញ្ជូនកុមារទាំងនោះចេញក្រៅ។ ជាការពិតណាស់ អ្នក ជំនាញមុជទឹកមានបទពិសោធន៍ ពេញខ្លួន បែរជាស្លាប់ពេលមុជទឹកទៅវិញ ធ្វើឲ្យមានសំណួរជាច្រើនចោទសួរឡើងពីវិធីសាស្ត្រ ជួយក្មេងចេញក្រៅ តាមរយៈការមុជទឹក ហើយក្មេងមិនដែលធ្លាប់បានឆ្លងកាត់ពី មុនឡើយ។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា ជីវិតកុមារទាំងនោះស្ថិតនៅក្នុងគ្រោះថ្នាក់ដដែល រហូតដល់ចេញផុតពីរូងភ្នំទើបមានសុវត្ថិភាព។
បណ្តាញព័ត៌មាន ABC បានផ្សាយថា កម្លាំងជួយសង្គ្រោះកំពុងតែខិតខំអស់ពី សមត្ថភាព ដើម្បីបញ្ជូនកុមារដែលមានសុខភាពល្អបំផុតចេញពីរូងភ្នំ មុនពេលភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី៧ ខែកក្កដានេះ។
ប្រភពព័ត៌មានពីកម្លាំងទាហានថៃបានឲ្យដឹងថា មានកុមារពីររូបស្ថិតនៅក្នុងស្ថានភាព ខ្សោយជាងគេ ចំណែកគ្រូបង្វឹក អាយុ២៥ឆ្នាំក៏មានសុខភាពមិនល្អដែរ ដោយសារតែ គាត់អត់អាហារជាច្រើនថ្ងៃ ទុកចំណីអាហារ របស់ខ្លួនដែលមានឲ្យ ទៅកុមារ ជាកូនសិស្ស៕ ម៉ែវ សាធី