មណ្ឌលគិរី÷ ជនជាតិវៀតណាមប្រុសស្រី ពីរនាក់លួចចូលរកស៊ីដឹកជញ្ចូនឈើ ខុសច្បាប់ក្នុងទឹកដីខ្មែនាំចូលទឹកដីខ្លួន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ រដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់បញ្ជួនខ្លួនទាំងរថយន្តនឹងឈើប្រគល់ ឲ្យមន្ទីរបរិស្ថានចាត់ការបន្តករណីខាងលើធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកវរៈសេនីយ៍ត្រី សូ ជីវន្ត នាយរងការិយាល័យប្រឆាំងបទល្មើស បានឲ្យដឹងថា ករណីនេះការិយាល័យប្រឆាំងបទល្មើសពិតជាបានបង្ក្រាបមែន និងបន្តកសាងសំណុំរឿងបញ្ជួនបន្តទៅមន្ទីរបរិស្ថានចាត់ការតាមនិតិវិធីច្បាប់។
លោកថា ជនសង្ស័យពីរអ្នកប្រុសស្រី ត្រូវបានឃាត់ខ្លួន នៅពេលយករថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌គ្រាប់អំពិល ដឹកឈើចំនួន២១ដុំ បំរ៉ុងដឹកចូលទឹកដីរបស់ខ្លួន ដោយតៃកុងមានឈ្មោះ វៀង វ៉ាន់ធិញ ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ ឡេ យ៉ុង ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីរជាជនជាតិវៀតណាម។
មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់នៅថ្ងៃទី០៦ ខែកក្កដានេះថា កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការលើករណីនេះ នឹងបញ្ចូនជនសង្ស័យទាំងពីរអ្នក ទៅសាលាតំបូងខេត្តចាត់ការ បន្តតាមនិតិវិធីច្បាប់។
ដោយ!មាស សុផាត