ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំ កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២ នៅសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨.កម្មវិធីកីឡា។ ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើតបន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទីតាំងសាខា ប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ទំនើបៗ សម្រាប់សិស្សចំណេះទូទៅចាប់ពីថ្នាក់ទី៧ដល់ទី១២ ដើម្បីសិក្សា និងផ្សាភ្ជាប់ ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែងដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។ លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព ផ្នែកចំណេះដឹងទូទៅឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងការសរសេរ ការគិតឱ្យមានភាពរហ័សរហួន និងផ្ដល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ព្រមទាំងឆ្លាតវៃ ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។ លោកអគ្គ-នាយករង ក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស មានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន ០៩នាក់ផងដែរ៕