ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទ្រង់ទ្រាយធំក្នុង ប្រវត្តិសាស្ត្រសម្លាប់មនុស្សជិត១០០នាក់នៅជប៉ុន

ចែករំលែក៖

នៅថ្ងៃទី៩ ខែកក្កដានេះអ្នកស្លាប់ ដោយគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅជប៉ុន កើនឡើងជាង១០០ នាក់ហើយ ។ក្រៅពីនេះទឹកជំនន់បានធ្វើ ឲ្យពលរដ្ឋ រាប់លានអ្នកត្រូវភៀសខ្លួន ផ្ទះសម្បែង រថយន្តជាច្រើនត្រូវទឹកលិច និងកួចយកទៅបាត់។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដានេះគឺលើសពីរាល់ឆ្នាំដល់ទៅ៣ដង បណ្តាលឲ្យលិចលងនិងបាក់ដីគ្របដណ្តប់នៅតំបន់ជាច្រើន។ មន្ត្រី ក្រសួងព្យាករណ៍ឧតុនិយមជប៉ុនមួយរូបបានបញ្ជាក់ថា«យើងមិនដែលជួបពីមុនមកឡើយ ។ ស្ថានភាពពេលនេះគឺពិតជាគ្រោះថ្នាក់ណាស់»។

អាជ្ញាធរជប៉ុននៅថ្ងៃទី៩ខែកក្កដា បាន ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើងដោយ​ភ្លៀងធ្លាក់ខ្លាំង នៅឯតំបន់ភាគខាងលិចនៃប្រទេសបានកើនដល់ ៩៧នាក់ហើយ ខណៈពួកគេកំពុងពន្លឿនការស្វែងរក មនុស្ស ៥៦នាក់ៀតដែលកំពុងបាត់ខ្លួន នៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន មកទល់នឹងព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរជប៉ុនគិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (ម៉ោងក្នុងទីក្រុងតូក្យូ) មនុស្ស៣នាក់បាន រងរបួសធ្ងន់ ហើយខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស ៤២នាក់ស្លាប់ ហើយ ខេត្ត អេហុីមេ (Ehime) មានមនុស្សស្លាប់ ២៣នាក់។
ចំណែកឯខេត្ត អូកាយ៉ាម៉ា (Okayama), ហ៊ីយ៉ូកុ (Hyogo), ក្យូតុ (Kyoto), ស៊ីហ្គា (Shiga), ហ្វូគូអូកា (Fukuoka), កូជិ (Kochi), ជីហ្វូ (Gifu), យ៉ាម៉ាគូជិ (Yamaguchi), សាហ្គា (Saga) និង ខេត្ត កាហ្គោស៊ីម៉ា (Kagoshima) ក៏មានសេចក្ដីរាយការណ៍ពីអ្នកបាត់ខ្លួន និងបាត់បង់ ជីវិតផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការបាត់បង់អាយុ ជីវិតមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូច ជា ស្ពាន ថ្នល់ ព្រមទាំងផ្ទះសម្បែងជាច្រើន ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ ហើយស្ថិតនៅក្នុងទំហំធំធេងខ្លាំងតែ ម្តង ស្របពេលផ្ទះប្រមាណ ១២,៧០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់៕
ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print