ភ្នំពេញ ៖ ស្របពេលមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងបញ្ជាក់អំពីអាកាសធាតុ ភ្លៀងធ្លាក់បន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ចាប់ពីថ្ងៃទី១២ដល់ ១៨ខែកក្កដា នាតំបន់មាត់សមុទ្រ នៅឯខេត្តព្រះសីហនុឯណេះវិញ អាជ្ញាធរខេត្តបានប្រកាសចេញសេចក្តីជូនដំណឹងបញ្ជាក់ហាមមិនឲ្យទូកដឹកអ្នកទេសចរណ៍ចាកចេញពីចំណតផែ រីឯទូកនេសាទក៏មិនត្រូវចេញទៅនេសាទឡើយ ជាពិសេសភ្ញៀវទេសចរតែម្តង ត្រូវផ្អាកចុះលេងទឹកសមុទ្រ ។
អាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថា ៖ ក្រុងព្រះសីហនុ បើគិតមកដល់ថ្ងៃនេះ មានភ្លៀងធ្លាក់ជោកជាំរយៈ២ សប្តាហ៏មកហើយ ។ ចំណែករលកសមុទ្រធំៗលាយឡំខ្យល់កន្រ្តាក់ផងដែរ ។ ដោយឡែកសម្រាប់ទូកអូប័រ ល្បឿនលឿនដឹកភ្ញៀវទេសចរទៅតាមកោះ នៅតែធ្វើសកម្មភាពជាធម្មតា ដោយមុនចេញដំណើរ ក្រុមអ្នកបើកអូប័រគេបានពិនិត្យមើលស្ថានភាពច្បាស់លាស់ នឹងពិនិត្យដឹងពីស្ថានភាពខ្យល់ ទើបចេញដំណើរ តែ សម្រាប់ទូកដឹកភ្ញៀវទេសចរណ៍តូចៗ សាងសង់ពីឈើ មិនត្រូវចេញពីផែទេ ។
ក្នុងនោះ អាជ្ញាធរខេត្តក៏បានដាក់បញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានការប្រុងប្រយត្ន័គ្រប់ពេល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗ ។
ដោយឡែកសម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀតនឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន ៕ នគរដ្រេហ្គន