បារាំងបានក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ដោយលទ្ធផលយ៉ាងជក់ចិត្ត

ចែករំលែក៖

ក្រុមជម្រើសជាតិបារាំងបានឈ្នះជើងឯកបាល់ទាត់ពិភពលោក(World Cup) ឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផលយ៉ាងជក់ចិត្ត 4-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Luzhniki ទីក្រុងមូស្គូ ប្រទេសរុស្សុី ។

ក្នុងការប្រកួតនោះ បារាំងបាននាំមុខមុនដោយគ្រាប់បាល់កើតឡើងនៅនាទីទី១៨ដែលជាការតែតចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធ Mandzukic របស់ក្រុមជម្រើសជាតិក្រូអាត។ ក្រូអាតបានគ្រប់គ្រងស្ថានការណ៍ និងវាយសម្រុកយ៉ាងខ្លាំងរហូតរកបានគ្រាប់បាល់តាមស្មើ ១-១ នៅនាទីទី២៨ដោយខ្សែបំរើលេចធ្លោរបស់ក្រុមInter Milanកីឡាករ Ivan Perisic។ នាទីទី៣៨ បារាំងបានមុខសារជាថ្មីម្តងទៀត ២-១ក្រោយទទួលបានបាល់ពិន័យ១១ម៉ែត្រដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Griezmann ។

ពេលការប្រកួតឈានចូលដល់តង់ទី២ក្រុមទាំងពីរបានធ្វើការវាយបកទៅលើគ្នាយ៉ាងខ្លាំងខ្លាដែលនាំឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ រំភើបនឹងការស៊ុតបាល់បំប៉ោងសំណាញ់ រហូតដល់ទៅ៣គ្រាប់បន្ថែមទៀតរវាងក្រុមទាំងពីរ។ ក្រុមមាន់គកបារាំងរកបាន២គ្រាប់ដោយ កីឡាករPaul Pogba ស៊ុតគ្រាប់បាល់ទី៣ឲ្យបារំាងនាំមុខនៅនាទីទី៥៩ និងនាទីទី៦៥ Kylian Mbappe ស៊ុតបាន១គ្រាប់ដែរដើម្បីឲ្យបារំាងនាំមុខ ៤-១។ ចំណែកក្រូអាត រកបានតែមួយគ្រាប់វិញដោយខ្សែប្រយុទ្ធ Mandzukic នៅនាទីទី៦៨។ ចប់ការប្រកួតបារំាងឈ្នះក្រូអាត ៤-២។

នេះគឺជាលើកទី២ហើយដែលក្រុមជម្រើសជាតិបារាំងបានឈ្នះWorld Cup ដោយលើក ទី១ពួកគេបានឈ្នះក្នុងទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៨។ លោកDeschampsគ្រូបង្វឹកក្រុម ជម្រើសជាតិបារាំង បាននិយាយក្រោយការប្រកួតចប់ថា “លទ្ធផលនេះមិនមែន កើតចេញពីខ្ញុំម្នាក់ទេ គឺកើតចេញពីអ្នករាល់គ្នាទាំងអស់ពិសេសកីឡាកររបស់យើងតែម្តង។ ក្រុមជម្រើសជាតិបារាំងគឺជាក្រុមវ័យក្មេងដែលឈរកំពូលគេលើពិភពលោកដោយពួកគេក្លាយទៅជាជើងឯកដោយអ្នកខ្លះទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ពួកយើងឈឺចាប់ណាស់ ដែលបានចាញ់យូរ៉ូកាលពី២ឆ្នាំមុន។ តែយើងបានរៀនយ៉ាងច្រើនពីវាហើយខិតខំយ៉ាងខ្លាំងក្នុងរយៈពេល៥៥ថ្ងៃនៅក្នុងប្រទេស រុស្ស៊ីនេះ” ។

គួរបញ្ជាក់ថា លោក Didier Deschamps បានក្លាយទៅជាមនុស្សទី៣ ដែលបានឈ្នះ ពានរង្វាន់World Cupក្នុងនាមជាកីឡាករផង និងជាគ្រូបង្វឹកផង។ ចំណែកឯពានរង្វាន់ផ្សេងទៀតដែលកីឡាករនិងក្រុមជម្រើសជាតិទទួលបានមានដូចខាង ក្រោម៖

• ជើងឯក៖ ជម្រើសជាតិបារាំង

• ជើងឯករង៖ ជម្រើសជាតិក្រូអាត

• លេខ៣៖ ជម្រើសជាតិបែលហ្ស៊ុក

• ក្រុម Fair Play៖ អេស្ប៉ាញ

• កីឡាកររកបានគ្រាប់បាល់ច្រើន ៖ Hary Kane របស់អង់គ្លេស(៦គ្រាប់)

• កីឡាករវ័យក្មេងអាយុក្រោម២១ឆ្នាំ៖ Kylian Mbappe របស់បារាំង(១៩ឆ្នាំ)

• អ្នកចាំទីឆ្នើម៖ Courtois របស់បែលហ្ស៊ិកបានស្រោមដៃមាស

• កីឡាករឈ្នះបាល់មាស ៖ Luka Modric របស់ក្រូអាត ៕ ដេវីត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print