រឿងក្តីប៉ុនប៉ងកាត់ទឹកដីឱ្យវៀតណាម , ចៅក្រមស៊ើបសួរ កោះហៅមេចលនាសង្គ្រោះជាតិ សម រង្ស៊ី ចូលបំភ្លឺថ្ងៃ១៣សីហា

ចែករំលែក៖

ភ្នំពេញ​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ ចេញដីកាមួយទៀតបង្គាប់ឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨​ ខាងមុខនេះ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដែល​ប៉ុនប៉ងកាត់ទឹកដីកម្ពុជាឱ្យទៅជនជាតិដទៃ។

ដីកា​ទើប​ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកក្កដា នេះ​ បង្ហាញ​ថា ការចូលបំភ្លឺខាងមុខនេះ គឺដើម្បីឆ្លើយតប នឹងការចោទប្រកាន់ពីបទ “ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេស​នូវដែនដីជាតិមួយផ្នែក”ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសកម្មជនរបស់ខ្លួនទម្លាយ អំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរបស់លោកចុះកិច្ចព្រមព្រៀង ជាសម្ងាត់ជាមួយមេដឹកនាំជនជាតវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ដើម្បីប្រគល់ឱ្យជនជាតិភាគតិចវៀតណាមទាំងនោះ គ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត នៅឆ្នាំ២០១៣។

ខេត្តកម្ពុជាចំនួន៤ ដែលលោកសម រង្ស៊ី ប៉ុនប៉ងកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនេះ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ជាដើម។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ហើយអះអាងបន្តអំពីនីតិវិធី បន្ទាប់ពីទណ្ឌិតរូបនេះ មិនចូលខ្លួនផងដែរ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print