ទីបំផុត! ទណ្ឌិត សម រង្ស៊ី បានសារភាពទទួលស្គាល់ពីទង្វើក្បត់ជាតិរបស់ខ្លួនដែលលួចចុះហត្ថលេខា ស្ងាត់ៗលើកិច្ចព្រមព្រៀងមួយជាមួយជនជាតិវៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិច ម៉ុងតាញ៉ា ដោយកាត់ដី ៤ ខេត្តរួមមានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ា វៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិ នេះក្នុងការគ្រប់គ្រងនិងចាត់ចែងលើទឹកដីនេះទៀតផង។
ចម្លើយសារភាពនេះនឹងផ្តល់ជាភស្តុតាងថ្មីបន្ថែមទៀតចំពោះសំណុំរឿងដែលមាននៅចំពោះមុខតុលាការ លើសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាម។ កិច្ចព្រមព្រៀងនេះមានន័យស្មើនឹងការ បំបែករដ្ឋ និងផ្តល់ឯករាជ្យភាពដល់ក្រុមជនជាតិម៉ុងតាញ៉ា ហើយជាការកាត់ផ្ទេរទឹកដីពីប្រទេសមួយទៅប្រទេស មួយទៀត។
នេះ គឺជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ ហើយត្រូវតែប្រឈមមុខចំពោះច្បាប់ជាធរមាន ដើម្បីការពារបូរណភាពដែនដី និងអធិបតេយ្យជាតិខ្មែរឱ្យបានគង់វង្សនិងកុំឱ្យក្រុមជនក្បត់ជាតិផ្សេងទៀត យកទឹកដីខ្មែរធ្វើជាចំណាប់ខ្មាំងនិងជាថ្នូរ ទឹកប្រាក់ ឬជាថ្នូរនយោបាយរបស់ខ្លួន។
ការចេញមកបកស្រាយសារភាព និងទទួលស្គាល់នូវអ្វីដែលខ្លួនបានធ្វើគឺជាការប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ព្រះមហាក្សត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ក្បត់ដូនតាខ្មែរនេះលើការសន្យា កាត់ទឹកដីខ្មែរឱ្យជនបរទេសធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យទណ្ឌិត សម រង្ស៊ី ដែលរួតរឹតទៅដោយសំណុំរឿងនៅតុលាការឱ្យចូលខ្លួនឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឆ្លើយតបនឹងការ ចោទប្រកាន់ពីបទ «ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និង ទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ព្រោះនេះជាបទល្មើសដែលត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។
លោក កុក សរ ដែល សម រង្ស៊ី ស៊ីញ៉េកាត់ដីខ្មែរឱ្យចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេសមិនមែនជា ជនជាតិភាគតិចរស់នៅក្នុងទឹកដីកម្ពុជាដូចដែលទណ្ឌិត សម រង្ស៊ី ធ្លាប់បាននិយាយបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិនោះឡើយ។ កុក សរ ជាជនជាតិម៉ុងតាញ៉ាវៀតណាមមិនមែនជាខ្មែរទេ គឺជាជនបន្លំធ្វើខ្មែរ ហើយ សម រង្ស៊ី និងជនក្បត់ជាតិមួយក្តាប់តូចបានជួយបិទបាំងនូវទង្វើក្បត់ជាតិនេះ! អ្វីដែល សម រង្ស៊ី បានធ្វើ គឺជា ការរំលោភរដ្ឋធម្មនុញ្ញ និងជាអំពើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ! សម រង្ស៊ី ពិតជាក្បត់ជាតិជាន់លើ ក្បត់ជាតិហើយ! ក្នុងការចរចាសម្ងាត់ជាមួយវៀតណាម សម រង្ស៊ី បានសន្យាបញ្ហាមួយចំនួនរឿងព្រំដែនខ្មែរ និងជនជាតិវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា ខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំដោះស្រាយជម្លោះ ដែលមាន ដោយសន្តិវិធី និងការពារផលប្រយោជន៍ជាតិជានិច្ច។
ស្បែកមុខពិតប្រាកដនៃជនដែលតែងតែដើរលាបពណ៌មេដឹកនាំកម្ពុជាថាជាអាយ៉ងវៀតណាម កាត់ដី ឱ្យវៀតណាមទីបំផុតត្រូវបានបកអាក្រាតហើយ តាមពិត គឺអ្នកដែលតែងតែចោទលាបពណ៌គេសោះដែលជា ជនក្បត់ជាតិ កាត់ដីឱ្យជនបរទេស និងចរចាសម្ងាត់បំផ្លាញផលប្រយោជន៍ខ្មែរនោះ។
ហេតុអ្វីបានជា សម រង្ស៊ី និងគូកន រីករាយសប្បាយចិត្តក្នុងការចាប់ដៃសហការជាមួយ កុក សរ? គោល បំណងធំរបស់ សម រង្ស៊ី គឺប្រមូលកម្លាំងគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុពី កុក សរ ដែលមានតួនាទីជា ប្រធានមូលនិធិជនជាតិដើមភាគតិចវៀតណាម។ ចំណែក កុក ស គឺស្វែងរកការគាំទ្រពីក្រុមអ្នកនយោបាយ ប្រឆាំង ដើម្បីបានស្វ័យភាពទឹកដីងាយស្រួលគ្រប់គ្រង និងបំបែកខ្លួនជារដ្ឋឯករាជ្យមួយ។ នៅពេលចុះហត្ថលេខា អ្នកដែលមានមោទនភាពជាងគេ គឺ កុក សរ ព្រោះ
តាមរយៈកិច្ចព្រមព្រៀងនេះ គោលដៅរបស់ខ្លួនដែលទាមទារ បំបែកទឹកដី និងមានស្វ័យភាពគ្រប់គ្រងដោយខ្លួនឯងក្នុងនាមជារដ្ឋមួយនឹងអាចទទួលបានជោគជ័យពេល ដែលគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។ អ្វីដែល សម រង្ស៊ី រំពឹងពី កុក ស? គឺការគាំទ្រផ្នែកនយោបាយ ពីបរទេសនៅពីក្រោយវៀតណាមសេរី កុក សរ នេះហើយ និងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមចលនា វៀតណាមសេរី ដើម្បីយកមកធ្វើនយោបាយបង្កព្យុះភ្លៀងនៅកម្ពុជាស្វែងរកការឡើងកាន់កាប់អំណាចតាម ផ្លូវកាត់មិនប្រជាធិបតេយ្យ។
យោងតាមឯកសារភស្តុតាង សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយកុក សរ នៅអំឡុងខែ មីនា ឆ្នាំ២០១៣ ប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥។ ភស្តុតាងជាក់ស្តែងក្រោយដឹងថា ខ្លួនចាញ់ការបោះឆ្នោត គណបក្សសង្គ្រោះជាតិបានញុះញង់បញ្ឆេះកំហឹងប្រជាជនធ្វើបាតុកម្មដោយចេញពី ការតវ៉ានឹងលទ្ធផលបោះឆ្នោតមកជាការអនុវត្តផែនការបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរបប និងមេដឹកនាំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
តើក្រុមបក្សសង្គ្រោះជាតិបានថវិកាមកពីណាដើម្បីទ្រទ្រង់ចំណាយលើផែនការបដិវត្តន៍ពណ៌នេះ? ច្បាស់ណាស់បក្សសង្គ្រោះជាតិពេលនោះ ត្រូវបានគេដឹងថាបានចរាចរណ៍ថវិកាជាច្រើនលានដុល្លារ ដើម្បី ចំណាយលើការធ្វើបាតុកម្ម ហើយមួយផ្នែកធំពិតជាសង្ស័យថាបានមកពីក្រុម កុក សរ វៀតណាមសេរី ជា អ្នកជួយដើម្បីសម្រេចគោលបំណងដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង និងប្រភពផ្សេងទៀតដែលមិនចង់ឱ្យ កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ។
ដើម្បីបំពេញមហិច្ឆតាអំណាច ក្រុមអ្នកនយោបាយប្រឆាំងមិនញញើតនឹងក្បត់ជាតិខ្លួនឯង ស្តាប់បង្គាប់ និងកាត់ដីឱ្យបរទេសឡើយ! សម រង្ស៊ី ប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចា សម្ងាត់ ហើយសម្រួលនិងយល់ព្រមតាមសំណើវៀតណាមនូវកិច្ចការមួយចំនួននៅតាមព្រំដែនរួមនឹងសន្យា កាត់ទឹកដីឱ្យក្រុមម៉ុងតាញ៉ាវៀតណាមថែមទៀត។
សម រង្ស៊ី ញុះញង់ឱ្យមានការប្រកាន់ពូជសាសន៍ស្អប់ខ្ពើមជនជាតិវៀតណាម ប៉ុន្តែដើម្បីជួយខ្លួនឡើង កាន់អំណាចបានចរចាសម្ងាត់ជាមួយវៀតណាម។ តើនេះជាទង្វើអ្វី? ជនក្បត់ជាតិ សម រង្ស៊ី មិនអាចគេចផុត ពីសំណាញ់ច្បាប់បានឡើយ!! ហើយពលរដ្ឋខ្មែរបានដឹងច្បាស់ហើយថាអ្វីៗដែល សម រង្ស៊ី និងគូកនបាននិង កំពុងតែធ្វើនេះគឺបំផ្លាញកម្ពុជាម្តងហើយម្តងទៀត បំផ្លាញពីឆ្នាំ ២០១៣ មិនបានជោគជ័យ បន្តមកបំផ្លាញ នៅឆ្នាំ ២០១៨ ដែលប៉ងបំផ្លាញការបោះឆ្នោត បំផ្លាញលទ្ធិប្រជាធិបតេយ្យ ជាន់ឈ្លី និងសម្លាប់សេរីភាពសិទ្ធិ អំណាចប្រជាពលរដ្ឋ និងចុងក្រោយបំផ្លាញសេដ្ឋកិច្ចកម្ពុជាតាមរយៈការញុះញង់បរទេសឱ្យកាត់ជំនួយដកកូតា ឈប់ទិញទំនិញ និងឈប់វិនិយោគនៅកម្ពុជា។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្បត់ជាតិរបស់ សម រង្ស៊ី និងគូកននេះ បានត្រឹមតែជាសម្រែកសត្វឆ្កែព្រុសប៉ុណ្ណោះ ហើយប្រជាពលរដ្ឋកម្ពុជា និងជាតិខ្មែរទាំងមូលធ្វើដំណើរទៅមុខ ជានិច្ចឆ្ពោះទៅរកការបោះឆ្នោត អនុវត្តលទ្ធិប្រជាធិបតេយ្យ និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលខ្លួន មាននេះបន្តទៀត ៕
ដោយ ចៅចាក់ស្មុក
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨