អាជ្ញាធរស្រុកស្រែអំបិលជម្លៀសពលរដ្ឋជាច្រើនគ្រួសារចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តកោះកុង ៖ កងកម្លាំងចម្រុះនៅ ស្រុកស្រែអំបិលសរុប៣១នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ា ទី អធិការនគរបាល ស្រុកស្រែអំបិលកាលពីម៉ោង១០ព្រឹកថ្ងៃ អង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៨ បានចុះជួយសង្គ្រោះ ជម្លៀស និងដឹកជញ្ជូនសម្ភាររបស់ប្រជា ពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ព្រម ទាំងសាងសង់រោងប្រក់តង់ជូនពួកគាត់ស្នាក់នៅជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានសប្ដាហ៍ កន្លងទៅនេះភ្លៀងបានធ្លាក់ជាប្រចាំថ្ងៃនៅក្នុងស្រុកស្រែអំបិលធ្វើឲ្យជន់លិចនៅ ចំណុចត្រពាំងរាំង ក្នុងភូមិព្រះអង្គកែវ ឃុំ ដងពែង ស្រុកស្រែអំបិល ប៉ុន្តែមិនបណ្តាល ឲ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្សឬសត្វឡើយ ។

ទន្ទឹមនឹងស្ថានភាពទឹកកំពុងឡើងខ្លាំង លោកអធិការស្រុកស្រែអំបិលសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមដងព្រែកនៃស្រុកស្រែអំបិលមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះស្ថានភាព ទឹកតាមដងព្រែកកំពុងមានការកើនឡើង អាចនឹងមានគ្រោះទឹកជំនន់ ។

រហូតមកដល់រសៀលថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៨ ស្ថានភាពទឹកជំនន់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុច ស្ពានអូរគគីរបានស្រកចុះវិញជាបណ្តើរៗហើយ ខណៈនៅចំណុចស្ពានសំរោងកំពុង មានការកើនឡើងខ្លាំងដោយបានជន់ហូរកាត់ពីលើផ្លូវជាតិជាថ្មីម្តងទៀត។ នេះបើ តាមក្រសួងធនធានទឹក និងឧតុនិយមឲ្យ ដឹង ។

សូមរំឭកថា ដោយសារស្ថានភាពជំនន់ ទឹកភ្លៀងហូរកាត់ផ្លូវជាតិ និងស្ពានខ្លាំង បង្កឲ្យមានការព្រួយបារម្ភនោះអាជ្ញាធរមានសមត្ថកិច្ចបានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិននៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគីរព្រំ ប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

ក្រសួងធនធានទឹកបានឲ្យដឹងថា ផ្លូវ ជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគីរ(គីឡូ ម៉ែត្រលេខ១០៦-១០៧) ត្រូវបានផ្អាកចរា ចរជាបណ្ដោះអាសន្ន ហើយគិតត្រឹមម៉ោង ៦និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយសារមានទឹកជំនន់ហូរកាត់ពីលើផ្លូវ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងនៅវេលាទៀបភ្លឺថ្ងៃទី១៧ ខែកក្កដាបង្កឲ្យជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគីរព្រំប្រទល់ស្រុកភ្នំស្រួច និង ស្រុកកំពុងសិលា ខេត្តព្រះសីហនុដោយ ហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ ។

ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរ មានសមត្ថកិច្ចកំពុងរៀបចំសណ្ដាប់ធ្នាប់នៅចំណុចកើតហេតុ។ អាជ្ញាធរក៏អំពាវនាវ ដល់ប្រជាពលរដ្ឋធ្វើដំណើរទៅខេត្តព្រះ សីហនុប្រសិនបើមិនមានការចាំបាច់អាចធ្វើដំណើរវាងតាមផ្លូវជាតិលេខ៤១បាន ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print