ខេត្តកំពត៖ ឈ្មួញឆ្លៀតឱកាសប្រព្រឹត្តអំពើល្មើសច្បាប់ ដោយប្រើទូកយន្តធ្វើជាមធ្យោបាយ ដឹកឈើប្រណិតខុសច្បាប់ ប្រមាណ៣ទូកុងតឺន័រ ដែលមានផ្ទុកឈើ៥៣ដុំធំៗ បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានកម្លាំងការិយាល័យនាវាចរគយ សហកាជាមួយសកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបាន នៅចម្ងាយ៣គីឡូម៉ែត្រពីផែព្រែកត្នោត ខេត្តកំពត បានទាន់ពេលវេលា។
ក្នុងប្រតិបត្តិការណ៍នេះ មន្ត្រីគយដែលបង្ក្រាបករណី រត់ពន្ធឈើខុសច្បាប់នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដានេះថា ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីដដែលបន្តថា ការបង្ក្រាបនេះដោយមានការបញ្ជាផ្ទាល់ពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ ទើបលោក ឯម ណារិទ្ធ ប្រធានការិយាល័យនាវាចរគយ ដឹកនាំកម្លាំងសហការជាមួយកងរាងអាវុធហត្ថផ្ទៃប្រទេស ចុះត្រង់ចំណុចភូមិសាស្រ្តខាងលើ ក៏ប្រទះឃើញទូកយន្តឈើមួយគ្រឿង កំពុងលិចនៅក្នុងផ្ទៃទឹក ដែលមានជម្រៅប្រហែលបីម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ចុះឆែកឆេរ ប៉ុន្ដែពុំឃើញមាននរណាម្នាក់នៅលើទូកនោះឡើយ ឃើញតែទូកុងតឺទ័រចំនួនបីគត់ បន្សល់ទុកក្នុងទូកនោះ។
បច្ចុប្បន្នទូកុងតឺន័រផ្ទុកឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ស្ទួចយកមករក្សាទុកនៅកន្លែងឈរជើង បណ្ដោះអាសន្នរបស់ការិយាល័យនាវាចរគយ និងធ្វើកំណត់ហេតុបញ្ចូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីរង់ចាំការសម្រេចពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕